ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅថ្ងៃទី២៩ខែមេសា បានប្រកាសថា រដ្ឋាភិបាលនឹងសង់ផ្ទះជូនសាច់ញាតិ ក្រុមគ្រួសារនាវិកទាំង៥៣នាក់ស្លាប់ដោយការលិចនាវាមុជទឹក KRI Nanggala-402 នៅតំបន់សមុទ្រកោះបាលី។
មានប្រសាសន៍ទៅកាន់គ្រួសារនាវិករងគ្រោះនៅទីតាំងទាហានស្ថិតនៅតំបន់ភាគខាងកើតកោះជ្វា បានឱ្យដឹងថា ប្រធានាធិបតី វីដូដូ បានបញ្ជាក់ថា រដ្ឋាភិបាលនឹងសាងសង់ផ្ទះជូនគ្រួសារនាវិករងគ្រោះទាំង៥៣នាក់នៅទីតាំង ដែលគ្រួសារជនរងគ្រោះទាំងអស់ចង់បាន។
កាលពីដើមសប្តាហ៍កន្លងមក ប្រធានាធិបតីវីដូដូ បានប្រកាសថា រដ្ឋាភិបាលនឹងដំឡើងបុណ្យស័ក្តិដល់នាវិករងគ្រោះ ហើយផ្តល់អាហារូបករណ៍ដល់កូនៗរបស់នាវិករងគ្រោះ។
នាវាមុជទឹក KRI Nanggala-402 បានបាត់ខ្លួននៅវេលាម៉ោង ៣ ថ្ងៃទី២១ខែមេសា ពេលចូលរួមសកម្មភាពហ្វឹកហាត់ ។ ពេលនាវាមុជចូលសមុទ្រក៏បាត់ទំនាក់ទំនងតែម្តង ។ ក្រុមជួយសង្គ្រោះបានព្យាយាមស្វែងរកដោយសង្ឃឹមថា អាចជួយសង្គ្រោះក្រុមនាវិកបាន ។ នៅថ្ងៃទី ២៥ខែមេសា កម្លាំងទាហានដែលស្វែងរកនាវាបាត់ខ្លួនបានប្រកាសថា នាវាមុជទឹកបានបាក់ជា៣កំណាត់ ស្ថិតនៅបាតសមុត្រ ជម្រៅ ៨៤០ម៉ែត្រ៕
ដោយ៖ ធីរីណា(រូបភាព៖ AFP/TTXVN)