ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជាការដ្ឋានអង្គរក្ស បន្តប្រើប្រាស់កម្លាំងដឹកជញ្ជូនស្បៀងចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ តំបន់ក្រហមទាំងនៅភ្នំពេញ និងខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមអនុសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា,នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានប្រើប្រាស់កម្លាំងចំនួនរួម៤៤០នាក់ និងរថយន្ត៥១គ្រឿង នៅរាជធានីភ្នំពេញ ក្នុងការរៀបចំដឹកជញ្ជូនអង្ករចំនួន ១៩២.៥តោន មី៧.៧០០កេសតូច ត្រីខចំនួន ៧៧០កេសធំ ទឹកស៊ីអីវចំនួន ៧.៧០០យួរ និងទឹកត្រីចំនួន ៧.៧០០ យួរ ចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ តំបន់ក្រហមទាំងនៅភ្នំពេញ និងខេត្តព្រះសីហនុ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀងក៏បានបញ្ជាឲ្យកម្លាំងបញ្ជាការដ្ឋានអង្គរក្សមួយផ្នែកទៀត ដឹកជញ្ជូនលើកអង្គរចំនួន ៥០តោន ទៅស្រុកឧតុង្គ យកទៅចែកជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រ នៅក្នុងតំបន់បិទខ្ទប់ធ្វើចត្តាឡីស័កផងដែរ។

ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌទាំង១៤ បានសហការយ៉ាងល្អជាមួយបញ្ជាការដ្ឋានអង្គរក្ស ដើម្បីចែកជូនស្បៀង និងលើកជូនទៅប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងរាជធានីភ្នំពាញ ក្នុងអំឡុងពេល នៃការបិទខ្ទប់ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។

កម្លាំងរបស់បញ្ជាការដ្ឋានមួយចំនួនទៀត ក៏បានជួយរៀបចំ គ្រែ និងសម្ភារផ្សេងៗទៀត នៅកន្លែងធ្វើចត្តឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩នៅពហុកីឡដ្ឋានអូឡាំពិកផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖