ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បន្តចុះពិនិត្យ និងល្បាតទៅតាមគោលដៅ ឈរជើងសហការរៀងៗខ្លួន ដើម្បីអនុវត្តវិធានការបិទខ្ទប់ទាំងស្រុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំពោះការធ្វើដំណើរចេញ-ចូល ធានាបានមិនអោយមានការឆ្លងរីករាលដាលទៅតំបន់ផ្សេងៗ។
ស្ថិតិនៅក្នុងស្ថានភាពដ៏លំបាកនេះ កងកម្លាំងកងពលបានបំពេញបេសកកម្មសហការជាមួយកម្លាំងចម្រុះយាមល្បាតការពារតំបន់បិទខ្ទប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២៤ម៉ោងលើ២៤ ទោះបីស្ថិតក្រោមកំដៅថ្ងៃ និងតំណក់ទឹកភ្លៀង យ៉ាងណាក៏ដោយ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដាក់បទបញ្ជាដាច់ខាតដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ នៅតាមគោលដៅ មិនអនុញាតិអោយមានការឆ្លងកាត់ចេញ-ចូលឡើយ លើកលែងតែមធ្យោបាយដឹកទំនិញ និងករណីមួយចំនួនទៀតដែលមានចែងក្នុងវិធានការបិទខ្ទប់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។
ក្នុងនេះដែរលោកមេបញ្ជាការ បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់សូមអនុវត្ត វិធានការអនាម័យអោយបានខ្ជាប់ខ្ជួន និងវិធានការ ៣កុំ ៣ការពារ ដើម្បីធានាបានសុវត្ថិភាពរកងកម្លាំងអោយបានគ្រប់គ្នា ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានដាក់ពង្រាយជាច្រើនគោលដៅ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ដែលមានរយះពេល៤ខែមកហើយ និងបានបញ្ជេញកម្លាំងបន្ថែមទៀតក្នុងប្រតិបត្តិការបិទខ្ទប់ក្រុងប៉ោយប៉ែតជាបណ្តោះអាសន្ន តាមការស្នើសុំរបស់គណៈបញ្ជាការឯកភាពខេត្ត៕
ដោយ៖ សូរិយា