ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមជាមួយមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យ និងពន្លឿនដំណើរការជួសជុលមន្ទីពេទ្យមេគង្គកំពង់ចាម ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៩នាក់ថ្មីបន្ថែមទៀត។
បេីតាមការបញ្ជាក់ពីមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីអាជ្ញាធរខេត្ត បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ មានការកើនឡើង ហេតុដូច្នេះហើយទើបលោក អ៊ុន ចាន់ដា ដឹកនាំមន្រ្តីពាក់ព័ន្ធបានចុះពិនិត្យ ដើម្បីពន្លឿនការជួសជុល មន្ទីពេទ្យមេគង្គកំពង់ចាមនេះ ឲ្យបានឆាប់រួចរាល់ ដើម្បីត្រៀមដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាមផង និងមកពីខេត្តត្បូងឃ្មុំផងដែរ។
មន្ត្រីដដែលបន្តថា មកដល់ពេលនេះ មន្ទីពេទ្យមេគង្គកំពង់ចាមជួសជុលបាន៩៥% ហើយ នឹងអាចបញ្ចប់នៅត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ។ មន្ត្រីរដ្ឋបាលសាលាខេត្ត បានបញ្ជាក់ថា មន្ទីរពេទ្យនេះ ជួសជុលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មាន៧០បន្ទប់ និងអាចដាក់ព្យាបាលអ្នកជំងឺបានរហូតដល់ទៅប្រមាណ ២០០នាក់។
គួរជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឲ្យរដ្ឋបាលខេត្តកំពង់ចាម យកសណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ-១៩ នៅខេត្តកំពង់ចាម និងមកពីខេត្តត្បូងឃ្មុំ៕ ដោយ៖សហការី