ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ សហការ ជាមួយកងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀង អាហារទៅចែកជូនបងប្អូនប្រជាពលរដ្ឋបានចំនួន៣៧.២០០គ្រួសារនៅតំបន់បិទខ្ទប់ (តំបន់ក្រហម)

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការឱ្យបានល្អជាមួយកងទ័ពជើងគោក ចែកជូនស្បៀងអាហារជូនទៅបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេល នៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីចូលរួម បង្ការនិងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ឃើញថា ថ្ងៃទី២៨មេសាដល់៣០ មេសា  អាជ្ញាធរខណ្ឌនីមួយៗបានបន្តសហការជាមួយកងទ័ពជើង គោក ដោយបន្តដឹកជញ្ជូនស្បៀងអាហារទៅជូនទៅបងប្អូនប្រជាពលរដ្ឋបានចំនួន ៣៧.២០០ គ្រួសារបន្ថែមទៀត នៅតាមខណ្ឌនីមួយៗ នៅក្នុងរាជធានីភ្នំពេញ ។

  មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖នៅថ្ងៃទី២៨មេសាដល់៣០ មេសា រយៈពេល៣ថ្ងៃ ជាប់គ្នានេះ  អាជ្ញាធរខណ្ឌនីមួយៗបានបន្តសហការជាមួយកងទ័ពជើងគោក បន្តដឹក ជញ្ជូនស្បៀង អាហារទៅជូនទៅបងប្អូនប្រជាពលរដ្ឋបានចំនួន៣៧២០០គ្រួសារ ក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យចំនូន៥៥០០គ្រួសារ នៅពោធិសែនជ័យ ចំនួន១៨១០០គ្រួសារ, ខណ្ឌដង្កោ៩០០គ្រួសារ ខណ្ឌសែនសុខ ៥០០គ្រួសារ ខណ្ឌព្រែកព្នៅ ៥០០ គ្រួសារ ខណ្ឌឬស្សីកែវចំនួន ៣០០០គ្រួសារ ខណ្ឌជ្រោយចង្វា ១០០០គ្រួសារ ខណ្ឌដូនពេញចំនួន១៥០០គ្រួសារ, ខណ្ឌ៧មករា១០០០គ្រួសារ ខណ្ឌទួលគោក ១៣០០គ្រួសារ ខណ្ឌ ចំការមន ៦០០គ្រួសារ ខណ្ឌបឹងកេងកង ១០០០គ្រួសារ ខណ្ឌច្បារអំពៅចំនួន ១៣០០គ្រួសារ និងខណ្ឌកំបូលចំនួន១០០០គ្រួសារ ។ 

    សូមបញ្ជាក់ថា ៖ កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និង រថយន្ត ៦២គ្រឿង ដើម្បី ដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដោយ មានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ ខណៈបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕

             

ដោយ៖ សំរិត


ចែករំលែក៖