ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តគៀម៉ូតូដួលរួចកិនពីលើបណ្តាលឲ្យស្លាប់បុរសម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗខណៈដែលជិះម៉ូតូមួយគ្រឿងត្រូវរថយន្តបើកគៀបណ្តាលឲ្យដួលហើយកិនពីលើ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៨៖១០នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ ស្ថិតក្នុងភូមិកប់ស្រូវធំ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេមានវ័យប្រហែល៤០ឆ្នាំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកស្កូពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IF-9850 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកទំនិញមួយគ្រឿងម៉ាកហុីយ៉ាន់ដាយពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ3F-4369 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាមកពីក្រោយបានគៀជាមួយម៉ូតូបណ្តាលឲ្យដួលខ្ទាតចូលកង់រថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងតែម្តង ចំណែកឯតៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្ត ប័ណ្ណសំគាល់រថយន្ត នឹងប័ណ្ណសំគាល់ខ្លួននៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្តបង្ក នឹងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំស្វែងរកម្ចាស់រថយន្ត មកធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះសមត្ថកិច្ចកំពុងទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖