ភ្នំពេញ៖ សារចរូលរួមរំលែកទុក្ខទៅកាន់តារាសម្តែង គៀត សុវណ្ណាឡាង បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ។ សារនេះ ក្រោយពីគេទទួលបានដំណឹងថាឪពុករបស់នាងទទួលមរណភាព។ នៅមិនទាន់អាចស្វែងរកការបញ្ជាក់ណាមួយបន្ថែមពីតារាសម្តែងរូបនេះបាននៅឡើយទេ ប៉ុន្តែតាមការបញ្ជាក់របស់សិល្បករដែលជិតដិតនឹងតារាសម្តែងរូបនេះបានបញ្ជាក់ថា ឪពុករបស់នាងពិតជាទទួលមរណភាពនៅព្រលប់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១នេះពិតប្រាកដមែន ដែលគេនៅមិនទាន់ដឹងអំពីមូលហេតុច្បាស់លាស់នៅឡើយ ប៉ុន្តែប៉ុន្មានថ្ងៃមុននេះគេទទួលបានដំណឹងថាឪពុករបស់នាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមួយនៅរាជធានីភ្នំពេញ។ ខណៈដែលនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងក៏បានបង្ហាញសារខ្វាយខ្វល់ចិត្តខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះផងដែរ។ ២ថ្ងៃមុននេះនាងបញ្ជាក់នៅលើគណនីហ្វេសប៊ុកថា “ក្នុងជីវិតរបស់ខ្ញុំ មិនសុំអ្វីច្រើនទេ សុំឲ្យុក្រុមគ្រួសារខ្ញុំមានសុខភាពល្អរកស៊ីមានបានជួបតែរឿងល្អៗចូលមកជីវិតឲ្យបានច្រើនៗជាពិសេសប៉ាឆាប់ជាដូចដើមវិញ។ ម្សិលមិញនេះដែរនាងបានបង្ហាញសារដ៏តឹងណែនក្នុងចិត្តដែរថា”សូមឲ្យអ្វីៗនឹងល្អចុះខ្ញុំព្រម ទោះកាត់អាយុខ្ញុំ១០ឆ្នាំក៏ខ្ញុំព្រម។ មុននេះប៉ុន្មានម៉ោងនាងបានពោលពាក្យដ៏សោកសៅបំផុតថា”សម្លាប់ខ្ញុំទៅល្អជាង ខ្ញុំទទួលយកអត់បានទេ”។ សារនេះក៏ស្របពេលដែលអ្នកសិល្បៈជាច្រើនបានផ្ញើសារលើកទឹកចិត្ត និងចូលរួមរំលែកទុកដ៏ក្រៀមក្រំចំពោះនាងនិងក្រុមគ្រួសារដែលបានបាត់បង់ឪពុក និងសមាជិកគ្រួសារជាទីគោរពស្រលាញ់ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខណឪពុកនាង បានសោយសុខក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕
ដោយ៖ វឌ្ឍនា