ទីប្រឹក្សាសុខាភិបាលជាន់ខ្ពស់នៅសេតវិមាន បានបញ្ជាក់ថា ឥណ្ឌាគួរតែបិទខ្ទប់ទូទាំងប្រទេសប៉ុន្មានសប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ដែលបានកើនឡើងយ៉ាងខ្លាំងនេះ។
សារព័ត៌មាន Times of India បានដកស្រង់សម្តីលោក Anthony Fauci ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីបៃឌិន បានលើកឡើងថា «អ្វីដែលឥណ្ឌាចាំបាច់ត្រូវតែធ្វើភ្លាមនៅពេលនេះគឺបិទខ្ទប់ប្រទេសទាំងមូលទើបអាចទប់ស្កាត់ការឆ្លងបាន។
លោក Anthony Fauci បានលើកឡើងថា «គ្មានអ្នកណាម្នាក់ចង់បិទខ្ទប់ប្រទេសនោះឡើយ ប៉ុន្តែមានតែវិធីនេះទេទើបអាចទប់ស្កាត់ការឆ្លងកូវីដ-១៩ បាន ។ នៅថ្ងៃទី១ខែមេសានេះឥណ្ឌារកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់បំផុត គឺរហូតដល់ជាង ៤សែននាក់ និងស្លាប់ជាង ៣៥០០នាក់ ។
ក្រោយការបូកសរុបទិន្នន័យដែលត្រូវបានប្រកាស ដោយក្រសួងសុខាភិបាលឥណ្ឌាខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបកើនដល់ ១៩.១លានករណី ក្នុងនោះមានអ្នកស្លាប់ ២១១,៨៥៣នាក់ និងជាសះស្បើយឡើងវិញ ១៥.៦៧លាននាក់។ អ្នកជំនាញជាច្រើននៅឥណ្ឌា បានព្រមានម្តងហើយម្តងទៀតថា ចំនួនអ្នកឆ្លងជាក់ស្តែង អាចនឹងមានច្រើនលើសពីករណីឆ្លងដែលត្រូវបានប្រកាសជាផ្លូវការ ប្រសិនបើការធ្វើតេស្តត្រូវបានធ្វើឡើង ដោយគ្រប់ជ្រុងជ្រោយនោះ។
កាលពីអំឡុងដើមឆ្នាំ២០២១ ឥណ្ឌាបានមើលឃើញករណីឆ្លង COVID-19 ធ្លាក់ចុះមកនៅក្រោម ១០,០០០ករណីទៅហើយ ទើបកាលណោះវិធានការរឹតបន្តឹងជាច្រើន ត្រូវបានដកចេញវិញ។ បើតាមអង្គការសុខភាពពិភពលោក (WHO) គ្រាន់តែខែមេសាមួយប៉ុណ្ណោះ ឥណ្ឌាបានកត់ត្រាករណីឆ្លង COVID-19 រហូតដល់ជាង ៧លាននាក់បន្ថែមទៀត។
ការឆ្លងកើនឡើងខ្ពស់បានធ្វើឲ្យឥណ្ឌាប្រឈមកង្វះគ្រប់យ៉ាង តាំងពីថ្នាំពេទ្យ បំពង់អុកស៊ីហ្សែន គ្រែពេទ្យ …។ សហគមន៍អន្តរជាតិបានបានផ្តល់ជំនួយជាបន្ទាន់ដល់ឥណ្ឌាដើម្បីទប់ស្កាត់ការឆ្លង ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃចំនួនអ្នកឆ្លងនៅឥណ្ឌាកើនឡើងខ្ពស់៕ដោយ៖ ធីរីណា
រូបភាព៖ Reuters