ព័ត៌មានទាន់ហេតុការណ៍៖

សាររបស់ក្លិបអ្នកកាសែតកម្ពុជា ក្នុងឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា ឆ្នាំ ២០២១

ចែករំលែក៖

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សូមចូលរួមជាមួយអ្នកសារព័ត៌មានទាំងអស់នៅជុំវិញពិភព លោកដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា ឆ្នាំ២០២១ . ក្រោមប្រធាន បទ៖«ព័ត៌មានដែលជាប្រយោជន៍សាធារណៈ»។ ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ ទិវាសេរីភាពសារ ព័ត៌មាន ៣ ឧសភា ប្រព្រឹត្តទៅក្នុងបរិយាកាសដែលពិភពលោកទាំងមូលញាំញីដោយជំងឺរាតត្បាត សាកលកូវីដ-១៩យ៉ាងធ្ងន់ធ្ងរ។ សត្រូវឥតស្រមោលរបស់មនុស្សជាតិមួយនេះ មិនត្រឹមតែបំផ្លាញជីវិត មនុស្ស សុខភាពសាធារណៈ និងសេដ្ឋកិច្ចរបស់បណ្តាប្រទេសនានាប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្ក ឧបសគ្គយ៉ាងធំធេងដល់ការងាររបស់អ្នកសារព័ត៌មានផងដែរ។

ទោះជាយ៉ាងណា ក.អ.ក កត់សម្គាល់ឃើញថា ប្រព័ន្ធផ្សព្វផ្សាយនៅតែអាចបំពេញតួនាទី របស់ខ្លួនក្នុងការផ្តល់ព័ត៌មានជូនមហាជនក្នុងគ្រប់កាលៈទេសៈទាំងអស់។ អ្នកសារព័ត៌មានបានខិតខំ ពុះពារគ្រប់ឧបស័គ្គ និងរិះរកគ្រប់មធ្យោបាយដើម្បីបំពេញការងាររបស់ខ្លួនទោះជាក្នុងស្ថានភាពបិទ ខ្ទប់ក៏ដោយ។ អ្នកសារព័ត៌មានខ្លះត្រូវបំពេញការងារពីផ្ទះ ខ្លះទៀតមានការចាំបាច់ដែលត្រូវប្រចាំការ នៅកន្លែងធ្វើការ ខណៈដែលក្រុមអ្នករាយការណ៍ព័ត៌មានត្រូវចេញបំពេញការងារតាមដែលអាចធ្វើបាន ដើម្បីផ្ដល់ព័ត៌មានដល់មហាជន ទោះបីជាត្រូវប្រឈមនឹងហានិភ័យយ៉ាងណាក៏ដោយ។

ឆ្លៀតឱកាសនេះ ក.អ.ក ក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក្រសួងព័ត៌មាន និង អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានជួយសម្រួលឲ្យអ្នកសារព័ត៌មានអាចបំពេញការងារបានទោះជា ក្នុងកាលៈទេសៈបិទខ្ទប់ក៏ដោយ។ ក.អ.ក ក៏សូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែន ដែលបានចាត់ទុកអ្នកសារព័ត៌មានជាក្រុមអាទិភាពក្នុងការទទួលបានវ៉ាក់សាំង ប្រឆាំងកូវីដ-១៩។

ក្លិបអ្នកកាសែតកម្ពុជាកត់សម្គាល់ឃើញថា សារព័ត៌មានពិតជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ សារព័ត៌មានមិនត្រឹមតែជាអ្នកនាំសារពីថ្នាក់ដឹកនាំប្រាប់ដល់មហាជន និងពីមហាជនប្រាប់ដល់ថ្នាក់ដឹកនាំបានយ៉ាងលឿនរហ័សប៉ុណ្ណោះទេ ប៉ុន្តែសារព័ត៌មានក៏បានដើរតួនាទីជាអ្នកផ្សព្វផ្សាយសារអប់រំនានាដល់ មហាជនក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ផងដែរ។ ទន្ទឹមនឹងនោះសារព័ត៌មានក៏បានដើរ តួនាទីជាអ្នកបន្សាបព័ត៌មានក្លែងក្លាយ ដែលកើតមានយ៉ាងច្រើនក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ក.អ.ក សូមកោតសរសើរដល់អ្នកសារព័ត៌មានទាំងអស់ដែលបានបំពេញការងារយ៉ាងសកម្មដោយឥត រួញរាទោះជាត្រូវប្រឈមមុខនឹងហានិភ័យនៃការឆ្លងកូវីដ-១៩ ក៏ដោយ។ ក.អ.ក សូមជំរុញលើកទឹកចិត្តដល់អ្នក
សារព័ត៌មានគ្រប់រូបសូមបន្តបេសកកម្មរបស់ខ្លួន ដើម្បីបម្រើមហាជនបន្តទៀតដោយពាំនាំព័ត៌មានពិត ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវជូនដល់មហាជន។ ទន្ទឹមនឹងនោះ ក.អ.ក ក៏សូមអំពាវនាវជាថ្មីម្ដងទៀត
ដល់អ្នកសារព័ត៌មានទាំងអស់ សូមបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្លួនបំផុតនូវវិធានការសុខាភិបាលដើម្បីបង្ការកុំឲ្យឆ្លងជំងឺកូវីដ-១៩។
ក.អ.ក ក៏សូមអំពាវនាវផងដែរឲ្យអាជ្ញាធរពាក់ព័ន្ធសូមបន្តនូវកិច្ចសហការល្អនិងការសម្របសម្រួលដើម្បីឲ្យ អ្នកសារព័ត៌មានអាចបំពេញការងារបានក្នុងកាលៈទេសៈដ៏លំបាកនេះ។ ក. អ.កក៏សូមថ្លែងអំណរគុណដល់ម្ចាស់ ស្ថាប័នព័ត៌មានទាំងអស់ ដែលបានបានយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់អ្នកសារព័ត៌មានជាពិសេសការ បន្តផ្តល់តម្លៃដល់តួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មានបើទោះជាត្រូវប្រឈមនឹងបញ្ហាហិរញ្ញវត្ថុក្នុងគ្រាដ៏លំបាកនេះ ក៏ដោយ។
ជាទីបញ្ចប់ ក.អ.ក សូមជូនពរដល់អ្នកសារព័ត៌មានជាតិ និងបរទេសទាំងអស់ដែលកំពុងបំពេញការងារនៅ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ក្នុងពិភពលោកសូមមានសុខភាពល្អ និង ទទួលបានជោគជ័យក្នុងការងារជាពិសេសសូមចៀសផុតពីការឆ្លងនៃជំងឺកូវីដ ១៩។
ក.អ.ក សង្ឃឹមជឿជាក់ថា យើងទាំងអស់គ្នានឹងឆ្លងផុតស្ថានភាពដ៏អាក្រក់នេះក្នុងពេលឆាប់ៗខាងមុខ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖