ភ្នំពេញ៖ ឱសថបុរាណចិនដ៏ល្បីល្បាញនិងពេញនិយមមួយប្រភេទដែលមានឈ្មោះថា Lianhua Qingwen ត្រូវបានមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ យកប្រើប្រាស់សម្រាប់ព្យាបាលជំងឺផ្តាសាយ ក្តៅខ្លួន ឈឺក្បាល ឈឺក និងក្អក ដល់កងកម្លាំងរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព និងបន្តចែកចាយទៅដល់ប្រជាពលរដ្ឋជាច្រើនក្នុងរយៈកាលកន្លងមករហូតមកដល់បច្ចុប្បន្ន ជាពិសេសចែកជូនដល់អ្នកជំងឺកូវីដ-១៩កម្រិតស្រាលនិងមធ្យមដែលមានអាការដូចរៀបរាប់ខាងលើយកទៅប្រើប្រាស់ទទួលបានលទ្ធផលយ៉ាងមានប្រសិទ្ធភាពផងដែរ។ ក្រោយមកឱសថមួយប្រភេទនេះ ក៏ត្រូវបាន ក្រសួងសុខាភិបាលកម្ពុជាចេញវិញ្ញាបនបត្រចុះបញ្ជីកា បើកផ្លូវឲ្យចរាចរលើទីផ្សារប្រទេសកម្ពុជាកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។
ដោយមើលឃើញពីតម្រូវការនិងប្រសិទ្ធភាពនៃឱសថដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រើប្រាស់រួចមក នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោក យ៉ាំ ស៊ីងម៉ៅ អគ្គនាយកក្រុមហ៊ុន ប៊ី.ភី.អេ បូព៌ាអេស៊ា ឯ.ក បាននាំយកឱសថបុរាណចិន Lianhua Qingwenនេះ ចំនួន ៥២០០ប្រអប់ បូកនិឹងថវិកាចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារ) មកប្រគល់ជូនលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ចែងប្រើប្រាស់ជាប្រយោជន៍ក្នុងអង្គភាព ក៏ដូចជាប្រើប្រាស់ជាក់ស្តែងក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ។
ក្នុងឱកាសទទួលយកឱសថបុរាណចិននោះផងដែរ ក្រុមការងារតំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក យ៉ាំ ស៊ីងម៉ៅ ដែលមានចិត្តសប្បុរសឧបត្ថម្ភឱសថបុរាណចិន Lianhua Qingwen និងថវិកាដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលការឧបត្ថម្ភនាពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ៕
ដោយ៖ ចន្ទ លីហ្សា