យ៉ាងហោចណាស់ក៏មានមនុស្ស ៣នាក់ស្លាប់ និង២៧នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់លិចទូកនៅសមុទ្រ San Diego ភាគខាងកើតរដ្ឋកាលីហ្វ័រនីញ៉ាអាមេរិក។ ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី២ខែឧសភា (ពេលវេលាអាមេរិក)។
ក្រុមជួយសង្គ្រោះទីក្រុង San Diego បានឱ្យដឹងថា ក្រុមជួយសង្គ្រោះ និងកម្លាំងប៉ូលិសការពារដែនសមុទ្រអាមេរិក បានទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីជួយសង្គ្រោះឲ្យទាន់ពេលវេលា ។ មានមនុស្ស៣នាក់ស្លាប់ និង ២៧នាក់រងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
អ្នកនាំពាក្យក្រុមជួយសង្គ្រោះ San Diego លោក Jose Ysea បានឱ្យដឹងថា ពេលទៅដល់កន្លែងកើតហេតុឃើញបំណែកបាក់បែកជាច្រើន។ នៅតំបន់ដែលគ្រោះថ្នាក់ មានត្រីច្រើន ហើយទូកដែលលិចនោះ អាចត្រូវរលកធំៗវាយប្រហារ។
នៅពេលនេះកម្លាំងសន្តិសុខមិនទាន់អាចកំណត់បានថា ទូកនោះមានគោលដៅទៅទីណានោះឡើយ ។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ទូកឈើដែលក្រុមជួញដូរមនុស្ស តែងតែប្រើប្រាស់គឺដើម្បីជួញដូរមនុស្សពីម៉ិចស៊ីកូទៅកាន់អាមេរិក៕ដោយ៖ ធីរីណា
រូបភាព៖ congly