ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលីពិចារណាផ្អាកជួលកំពង់ផែ៩៩ឆ្នាំឲ្យទៅប្រទេសចិន

ចែករំលែក៖

រដ្ឋាភិបាលអូស្ត្រាលីបានពិចារណា ផ្អាកជួលកំពង់ផែពាណិជ្ជកម្ម និងយោធានៅតំបន់ភាគខាងជើង ប្រទេសអូស្ត្រាលីឱ្យទៅចិន។
មន្ត្រីការពារជាតិអូស្ត្រាលី កំពុងតែពិចារណាថាតើនឹងបង្ខំឲ្យក្រុមហ៊ុន Landbridge របស់មហាសេដ្ឋីចិន Ye Cheng បោះបង់កំពង់ផែនៅ Darwin ដែរឬទេ។ ការពិចារណាខាងលើ គឺដើម្បីសន្តិសុខជាតិ ។
គណៈកម្មការសន្តិសុខជាតិ អូស្ត្រាលី បានស្នើដល់ក្រសួងការពារជាតិប្រទេសនេះ ពិចារណាត្រួតពិនិត្យទៅលើកិច្ចព្រមព្រៀងជួលកំពង់ផែឱ្យទៅប្រទេសចិន ។ នៅពេលនេះដែរស្ថានទូតចិននៅអូស្ត្រាលីមិនទាន់មានប្រតិកម្មអ្វីជុំវិញហេតុការណ៍ខាងលើនៅឡើយទេ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមហ៊ុន Landbridge ជាក្រុមហ៊ុនមានទំនាក់ទំនងជាមួយយោធាចិនទទួលបានជ័យជម្នះនៅក្នុងការដេញថ្លៃកាលពីឆ្នាំ២០១៥ ដើម្បីដំណើរការកំពង់ផែរនៅអូស្ត្រាលី តាមកិច្ចព្រមព្រៀងមានតម្លៃ ៣៩០លានដុល្លារ។
កន្លងមក អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានបង្ហាញពីការខឹងសម្បាយ៉ាងខ្លាំងដល់អតីតនាយករដ្ឋមន្ត្រី Malcolm Turnbull ដែលមិនបានផ្តល់ដំណឹងស្តីពីកិច្ចព្រមព្រៀងជាមួយចិន។
ទំនាក់ទំនងរវាងអូស្ត្រាលី នឹងចិន កាន់តែអាក្រក់ទៅ ក្រោយពេលរដ្ឋាភិបាលទីក្រុង Canberra ស្នើឲ្យស្រាវជ្រាវពីប្រភពកូវីដ-១៩ ធ្វើឲ្យទីក្រុងប៉េកាំងខឹងយ៉ាងខ្លាំង ដោយបានវាយបកទៅលើវិស័យពាណិជ្ជកម្ម ៕ ដោយ៖ ធីរីណា

រូបភាព៖ Reuters 


ចែករំលែក៖