ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះពិនិត្យសកម្មភាព បិទខ្ទប់តំបន់មួយចំនួនក្នុងក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្តាយមានជ័យ៖ យប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះពិនិត្យសកម្មភាពកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន បិទខ្ទប់តំបន់មួយចំនួនក្នុងក្រុងប៉ោយប៉ែត ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោយរកឃើញអ្នកវិជ្ជមានជាបន្តបន្ទាប់ ជាហានិភ័យខ្ពស់ តាមបទបញ្ជាគណៈបញ្ជាការ ឯកភាពខេត្តបន្ទាយមានជ័យ។

លោកមេញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានគូសបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ កងកម្លាំងរបស់កងពល បានសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ធានាបានកាត់ផ្តាច់ការឆ្លងទៅបណ្តាតំបន់ផ្សេងទៀតក្នុងខេត្តបន្ទាយមានជ័យ និងទៅបណ្តាខេត្តផ្សេងៗ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានសង្កត់ធ្ងន់ថា កងពលបានប្រើកម្លាំងចំនួនច្រើនចូលរួមអនុវត្តតាមវិធានការរបស់គណៈបញ្ជាការឯកភាពខេត្ត និងថ្នាក់ដឹកនាំតាមឋានានុក្រុម ដោយប្រើប្រាស់កម្លាំងសហការជាមួយកម្លាំងចម្រុះ ការពារទប់ស្កាត់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងមួយផ្នែកទៀតជួយបិទចរាចរចេញចូលក្រុងប៉ោយប៉ែត និងតំបន់ក្រហម ដោយចេញប្រតិបត្តិការទាំងយប់ទាំងថ្ងៃ និងក្រោមភ្លៀងផ្គរ មិនគិតឬខ្លាចនឿយហត់ឡើយ។

សូមបញ្ជាក់ថា កងកម្លាំងទាំងអស់ដែលចេញប្រតិបិត្តការគឹបានចាក់វ៉ាក់សាំងកូវីដ១៩ចំនួន២ដូសរួច និងអនុវត្តន៍ជានិច្ចនូវវិធានការ ៣កុំ ៣ការពារ ផងដែរ ពិសេសបានការជួយឧបត្ថម្ភពីសំណាក់ថ្នាក់ដឹកនាំ  អាជ្ញាធរ និងសប្បុរសជន នានា រួមមាន ម៉ាស់ អាល់កុល ជែល រួមជាមួយគ្រឿងឧបភោគ បរិភោគ និងថវិកា ក្នុងការលើកទឹកចិត្តដល់កម្លាំងជួរមុខ ដោយស្មារតីសមរភូមិក្រោយ គាំទ្រសមរភូមិមុខ៕

ដោយ៖ សូរិយា


ចែករំលែក៖