ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹងស្តីពី ការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី ១ ប្រចាំឆ្នាំ ២០២១

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការតាមដាន ព្យាករណ៍លើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនអំពីការព្យាករកម្ពស់ទឹកជំនន់ ទន្លេមេគង្គលើកទី ១ ប្រចាំឆ្នាំ ២០២១ ដូចខាងក្រោម ៖
១- ស្ថានភាពទូទៅនៃអាកាសធាតុក្នុងតំបន់ ៖
យោងតាមការសង្កេត ពិនិត្យទៅលើបាតុភូតធម្មជាតិ និងការព្យាករតាមរយៈ ENSO Forecast រួចមកឃើញថា៖ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ ២០២១ បាតុភូត Neutral មាន ៦០ % បាតុភូត El Nino មាន ១០ % និងបាតុភូត La Nina មាន ៣០ % ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យភ្លៀងអាចមានក្នុងកម្រិតពីមធ្យមទៅច្រើន ទាំងនៅក្នុងអាងទន្លេមេគង្គ និងនៅក្នុងប្រទេសកម្ពុជា។
២- ស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ៖
ទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ចាប់ពីដើមឆ្នាំ ២០២១ នេះមក មាន ស្ថានភាពដូចខាងក្រោម ៖
– ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណ ០,៣៣ ម៉ែត្រ ។
– ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណ ០,៥០ ម៉ែត្រ ។
– ទន្លេមេគង្គ-កំពង់ចាម ចាប់ពីខែមករាដល់ចុងខែមីនា ទឹកមានកម្រិតកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំដល់ទៅ ១,២០ ម៉ែត្រ ប៉ុន្តែមកដល់ខែមេសា ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ ០,៣២ ម៉ែត្រ ។
– រាជធានីភ្នំពេញ ស្ថានីយជលសាស្រ្តទន្លេបាសាក់-ចតុមុខ ចាប់ពីខែមករាដល់ ខែមីនា ទឹកមានកម្រិតកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំដល់ទៅ ១,០៤ ម៉ែត្រ ប៉ុន្តែមកដល់ខែមេសា ទឹកមានកម្រិតកម្ពស់ប្រហាក់ប្រហែលនឹងមធ្យមច្រើនឆ្នាំ ។
– ទឹកក្នុងបឹងទន្លេសាប នៅស្ថានីយក្រគរ-កំពង់លួង ទឹកមានកម្រិតកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំប្រមាណពី ០,១៨ ម៉ែត្រ ទៅ ១,៣៦ ម៉ែត្រ ។

ផ្អែកតាមលក្ខណៈខាងលើ ស្ថានភាពទឹកទន្លេមេគង្គសម្រាប់ដើមឆ្នាំ ២០២១ នេះ នៅទន្លេមេគង្គផ្នែកខាងលើ ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ, នៅទន្លេមេគង្គផ្នែកខាងក្រោម ទឹកមានកម្រិតកម្ពស់ប្រហាក់ប្រហែលនឹងមធ្យមច្រើនឆ្នាំ រីឯទឹកនៅបឹងទន្លេសាប គឺទឹកនៅទាបជាងកម្រិតកម្ពស់មធ្យមច្រើនឆ្នាំ ។
៣- ការព្យាករទឹកជំនន់ទន្លេមេគង្គលើកទី ១ ប្រចាំឆ្នាំ ២០២១ ៖
យោងលើស្ថានភាពទឹកទន្លេមេគង្គនាពេលបច្ចុប្បន្ន កត្តាអាកាសធាតុ និងការវិភាគ លើទំនាក់ទំនងរវាងកម្ពស់ទឹកអប្បបរមា និងអតិបរមា ព្រមទាំងការវិភាគលើវដ្តទឹក ការព្យាករលើកទី ១ បានបង្ហាញថា នៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខ នាឆ្នាំ ២០២១ នេះ ទឹកអាចនឹងមានកម្ពស់ ៩,៣០ ម៉ែត្រ ដែលចាត់ទុកជាប្រភេទជំនន់មធ្យម៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖