ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបន្ដទទួលអំណោយពីសប្បុរសជនជាថវិកាចំនួន៣០ម៉ឺនដុល្លារ ដើម្បីជួយពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតំបន់បិទខ្ទប់ក្រហម រាជធានីភ្នំពេញ ។
ពិធីប្រគល់និងទទួលថវិកាខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធី និងភរិយា ព្រមទាំងអ្នកឧកញ៉ា លោកឧកញ៉ា រួមជាមួយភរិយានិងប្រមាណជាង១០រូបទៀត។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី និងលោកស្រីជាភរិយា ព្រមទាំងអ្នកឧកញ៉ា លោកឧកញ៉ាទាំងអស់ ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចែកជូនទៅប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងពេលបិទខ្ទប់ដោយ covid -19 នេះ។ សកម្មភាពនេះ ពិតជាបានរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីជួយទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ។ នេះជាគំរូដ៏ល្អមួយសម្រាប់កូនចៅជំនាន់ក្រោយទៀត ដើម្បីឱ្យពួកគេបានរៀនសូត្រក្នុងការចែករំលែកជួយគ្នាក្នុងពេលដែលជួបនូវការលំបាកបែបនេះ។
លោកឃួង ស្រេង ក៏បានបញ្ជាក់ថា ៖ថវិកាទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ចែងយកទៅទិញស្បៀងអាហារជាបន្ទាន់ដើម្បីបង្វែរដឹកបញ្ជូនទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ។
ចំណែកអ្នកឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធី ក្នុងឱកាសនោះដែរក៏បានមានប្រសាសន៍ថា៖ ការកៀរគរអ្នកឧកញ៉ា លោកឧកញ៉ា លោកស្រីទាំងអស់ខាងលើនេះជាសកម្មភាពលើកទីមួយហើយ ដែលលោកឧកញ៉ាបានកៀរគរ ដោយបានថវិកាសរុបចំនួនជាង៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ ដើម្បីឱ្យរដ្ឋបាលរាជធានីធ្វើការចាត់ចែងជូនបងប្អូនដែលមានជីវភាពខ្វះខាតក្នុងដំណាក់កាលជំងឺកូវីដ-១៩នេះ ។
អ្នកឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធីបានបញ្ជាក់ផងដែរថា ៖ការបង្វែរថវិកាប្រមាណជាង៣០ម៉ឺនដុល្លារ ជូនមករដ្ឋបាលរាជធានីភ្នំពេញនេះ គឺដោយសារតែពួកយើងខ្ញុំទាំងអស់គ្នាជឿទុកចិត្តមកលើអាជ្ញាធររាជធានីភ្នំពេញដោយជឿជាក់ថា អំណោយខាងលើនេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងនឹងធ្វើការចាត់ចែងជូនទៅដល់ដៃបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតំបន់បិទខ្ទប់នេះមិនខាន។
អ្នកឧកញ៉ាម៉ុង ឬទ្ធី បានបញ្ជាក់ទៀតដែរថា ក្រោយពីរួមគ្នាគ្រប់គ្រង ទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ បានហើយនោះ អ្នកឧកញ៉ា លោកឧកញ៉ានឹងមានឱកាសបានរកស៊ីឡើងវិញ។
សូមបញ្ជាក់ថា ថវិកាដែលបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះមាន ចំនួន៣០២.២៥០ដុល្លារ បានមកពីការកៀរគរពីអ្នកឧកញ៉ា លោកឧកញ៉ានិង លោកស្រីចំនួន៧៤រូប៕
ដោយ៖ សំរិត