អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១ បានចុះផ្សាយថា គណបក្ស BJP របស់ លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានទទួលបរាជ័យនៅក្នុងការបោះឆ្នោតដ៏សំខាន់មួយ ដើម្បីគ្រប់គ្រងរដ្ឋ West Bengal ខណៈរូបលោកផ្ទាល់រងការចោទប្រកាន់ថា គិតគូរតែពីរឿងបោះឆ្នោត ភ្លេចពីសុខទុក្ខប្រជាជនដែលកំពុងរងគ្រោះដោយសារការឆ្លងរាតត្បាត COVID-19 ដ៏កាចសាហាវមួយនេះ។
ទីភ្នាក់ងារព័ត៌មាន AFP បានបន្ថែមថា បើតាមលទ្ធផលបោះឆ្នោត លោកស្រី មុំាម៉ាតា បានែជី (Mamata Banerjee) មានអាយុ៦៦ឆ្នាំ នឹងនៅតែបន្តកាន់តំណែងជាប្រមុខរដ្ឋាភិបាលនៃរដ្ឋ West Bengal។ បន្ទាប់ពីគណបក្ស TMC របស់លោកស្រីបានយកឈ្នះគណបក្សរបស់លោក ណារិនដ្រា ម៉ូឌី ដោយទទួលបានអាសនៈសភាប្រចាំរដ្ឋមួយនេះ ២ភាគ៣ ឬស្មើនឹងច្រើនជាង២០០ អាសនៈនៃអាសនៈសភាសរុប២៩៤ នៃរដ្ឋ West Bengal។
គួរជម្រាបថា បច្ចុប្បន្ន លោកស្រី Mamata Banerjee គឺជាស្ត្រីឥណ្ឌាតែម្នាក់ដែលកំពុងកាន់តំណែងជាប្រមុខរដ្ឋាភិបាល ប្រចាំរដ្ឋ។ ដោយឡែក សម្រាប់ការបរាជ័យរបស់គណបក្សកាន់អំណាចរបស់លោក ណារិនដ្រា ម៉ូឌី កើតមានឡើងចំពេលដែលនាយករដ្ឋមន្ត្រីឥណ្ឌារូបនេះរងការចោទប្រកាន់ថាគិតគូរតែ ពីការបោះឆ្នោតជាជាង COVID-19 ដោយនៅតែអនុញ្ញាតឱ្យមានការប្រមូលផ្ដុំទ្រង់ទ្រាយធំ ឬការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដែលទាំងនេះសុទ្ធតែជាហេតុផល រួមចំណែកធ្វើឱ្យស្ថានការណ៍ COVID-19 ឈានដល់ចំណុចដ៏អាក្រក់ដូចសព្វថ្ងៃ។
គួរបញ្ជាក់ថា បើយោងតាមក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃចន្ទទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសបន្តរកឃេីញករណីអ្នកឆ្លងជំងឺ COVID-19ថ្មី ចំនួន ៣៦៨,១៤៧នាក់បន្ថែមទៀត និងអ្នកជំងឺ ៣,៤១៧នាក់ទៀតស្លាប់ គិតត្រឹមតែរយៈពេល ២៤ម៉ោងកន្លងទៅនេះ នៅទូទាំងប្រទេសឥណ្ឌា។ បច្ចុប្បន្នក្រោយការបូកបន្ថែមទិន្នន័យនៅថ្ងៃចន្ទនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនជិតដល់ ២០លានករណី។ ក្នុងនោះមានអ្នកស្លាប់សរុប ២១៨,៩៤៩នាក់ និងជាសះស្បើយឡើងវិញ ១៦.៣លាននាក់ ខណៈអ្នកជំងឺរហូតដល់ទៅជាង៣,៤០០,០០០នាក់ កំពុងស្ថិតក្នុងការព្យាបាលផងដែរ៕
ដោយ៖ស តារា