ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នខេត្តកំពត
គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១។ នេះជាការគូសបញ្ជាក់របស់លោក សោម សូរីដា អគ្គលេខាធិការរង និងជាទីប្រឹក្សា គ.ជ.ប នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍អនឡាញ គ.ជ.ប កាលពី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
លោកបានបញ្ជាក់បន្ថែមថា គណបក្សនយោបាយ ដែលមានបំណងចូលរួមប្រកួតប្រជែងក្នុង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ត្រូវចាប់ផ្តើមដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត យ៉ាងតិច ៨០ ថ្ងៃ មុនកាលបរិច្ឆេទនៃការបោះឆ្នោត។ ដូចនេះ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សា ក្រុងបូកគោ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះមានរយៈ ពេល ៥ ថ្ងៃ ដោយត្រូវចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១ នៅរៀងរាល់ម៉ោងធ្វើការ។
ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ គណបក្សនយោបាយទាំងអស់អាចស្នើសុំនៅ គ.ជ.ប ឬ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត ឬទាញយកពីគេហទំព័រ គ.ជ.ប www.nec.gov.kh ហើយការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត។ ពាក្យសុំ ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវមានភ្ជាប់មកជាមួយ នូវឯកសារពាក់ព័ន្ធដូចមានកំណត់ក្នុងទម្រង់បែបបទលេខ ១០០៨។ សូមជម្រាបជូនថា សមាជិកក្រុមប្រឹក្សាក្រុងបូកគោ មានចំនួន ១៣ រូប ហើយអ្នកបោះឆ្នោត ដែល ជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងមុខតំណែង មានចំនួន ១៧ រូប មកពីសង្កាត់ចំនួន ៣ នៃក្រុងបូកគោ៕
ដោយ ៖ សិលា