ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រះសីហនុ ស្នើសុំអភិបាលខេត្តស្ទឹងត្រែង មេត្តាចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ចំពោះកម្មករម្នាក់ដែលបានលួចគេចវេះចេញតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុធ្វើដំណើរទៅខេត្តស្ទឹងត្រែង (លទ្ធផលមានវិជ្ជមានកូវីដ-១៩)

ចែករំលែក៖

ខេត្តព្រះសីហនុ, រដ្ឋបាលខេត្តព្រះសីហនុបានទទួលព័ត៌មានថា មានកម្មករព្យួរកិច្ចសន្យាការងារ នៃរោងចក្រញ៉ូវស្តារ ០១នាក់ ឈ្មោះ លី សុភា ភេទស្រី កើតនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៩៧ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៨០០៩៧៩១៦ បានលួចគេចវេះចេញតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុធ្វើដំណើរទៅខេត្តស្ទឹងត្រែង (លទ្ធផលមានវិជ្ជមានកូវីដ-១៩) ហើយអ្នកជំងឺរូបនេះ បានប៉ះពាល់ដោយប្រយោលជាមួយកម្មករ ដែលបានព្យួរកិច្ចសន្យាការងារជាមួយគ្នាចំនួន ២០នាក់បន្ថែមទៀត នៃរោងចក្រញ៉ូវស្តារក្នុងខេត្តព្រះសីហនុ។ ទង្វើរបស់បុគ្គលខាងលើនេះ គឺជាអំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាលដែលមានចែងនៅក្នុងមាត្រា៤ និងមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, បានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី រហូតដល់៨៤១នាក់ និងមានករណីជាសះស្បើយចំនួន៦១នាក់ និងស្លាប់ចំនួន ៤នាក់ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១។
គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 15361 នាក់
– អ្នកជាសះស្បើយ= 5430 នាក់
– អ្នកកំពុងព្យាបាល= 9818 នាក់
– អ្នកស្លាប់= 106 នាក់។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕

ដោយ៖សិលា


ចែករំលែក៖