ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងលាយឡំខ្យល់កន្រ្តាក់ទាំងកណ្តាលយប់រលំផ្ទះសង្កត់ម៉ូតូនិងប៉ើងរបើកដំបូលជញ្ជាំងផ្ទះរបស់ពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះថ្មី១ខ្នងដែលទើបនឹងសាងសង់ហើយ ត្រូវបានរលំបាក់រាបដល់ដី និង៣ខ្នងផ្សេងទៀតបានរងនូវផលប៉ះពាល់ប៉ើងដំបូលនិងរបើកជញ្ជាំង ដោយសារឥទ្ធិពលខ្យល់កន្រ្តាក់បានបោកបក់ទាំងកណ្តាលយប់ ចំផ្ទះរបស់ប្រជាពលរដ្ឋ ។ ហេតុការណ៍គ្រោះធម្មជាតិនេះបានកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នៅភូមិជ្រៃកោងកើត ឃុំខ្នារឆ្មារបណ្ដាល ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ផ្ទះដែលបាក់រលំដោយខ្យល់កន្រ្តាក់នេះ ជាផ្ទះឈើប្រក់ក្បឿង ដែលមានទំហំ៧ម៉ែត្រ គុណនិង ៩ម៉ែត្រ ជារបស់ម្ចាស់ឈ្មោះ នូ សារូ ជាប្តី អាយុ ៤៣ ឆ្នាំនិង ប្រពន្ធឈ្មោះ យែ រ៉ែម អាយុ៤០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងទៀតថា គ្រោះធម្មជាតិនេះបង្ករឲ្យខូចខាតផ្ទះ ម៉ូតូ១គ្រឿង និងសំភារៈមួយចំនួន ចំណែកឯ៣ខ្នងផ្សេងទៀត នៅក្នុងភូមិនេះ ក៏ទទួលរងផលប៉ះពាល់បង្កឲ្យរបើកដំបូល និង ជញ្ជាំងផងដែរ ។ ប៉ុន្តែករណីមិនបង្ករឲ្យមានគ្រោះថ្នាក់ដល់មនុស្សនិងសត្វនោះទេ ។
ប្រជាពលរដ្ឋនៅមូលដ្ឋាននេះបានឲ្យដឹងថា នៅវេលាកើតហេតុ មេឃខ្មៅ មានភ្លៀងលាយឡំនិងខ្យល់ បានបោកយ៉ាងខ្លាំង ចំភូមិរបស់ពួកគាត់ បណ្តាលឲ្យផ្ទះពួកគាត់នេះរងការខូចខាតតែម្តង ៕

ដោយ៖ ចន្ថា


ចែករំលែក៖