ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះល្បាតតាមភូមិសាស្រ្ត ឃាត់ជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ បម្រុងលួចទ្រព្យសម្បត្តិ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៩ និង១៥នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ក្បែរសាលាសាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្ត្រីអាវុធហត្ថបានឲ្យដឹងដាជនសង្ស័យ ទី១ ឈ្មោះ ពៅ ឃួច អាយុ ២៥ ឆ្នាំមុខរបរមិនពិតប្រាកដ ។
ជនសង្ស័យទី២ ឈ្មោះ អ៊ុកចាន់ ចេនដាអាយុ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ។
ប្រភពព័ត៌មានពីសន្តិសុខម្នាក់នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញជនសង្ស័យ២នាក់ បានដើរអើតលើមរួចឡើងផ្លោះរបង ចូលទៅផ្ទះយីហោ មី អា រួចបានធ្វើសកម្មភាពគាស់ដំបូលគោលបំណងចុះទៅក្រោមយកសម្ភារមួយចំនួន ស្រាប់សន្តិសុខគាត់បានឃើញខាងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ កំពុងតែដើរល្បាតតាមភូមិសាស្រ្តតាមដងផ្លូក្បែរកន្លែងកើតហេតុ គាត់ក៏បានរត់ទៅប្រាប់សមត្ថកិច្ចអាវុធហត្ថថា មានជនសង្ស័យ២នាក់ កំពុងតែគាស់ផ្ទះឈ្មោះមីអា ខណៈនោះខាងកម្លាំងអាវុធហត្ថក៏បានចូលទៅរួចឃាត់ជនសង្ស័យទាំង២នាក់ ។
បន្ទាប់ពីឃាត់ខ្លួនកម្លាំងអាវុធហត្ថបាននាំជនសង្ស័យទាំង២នាក់ យកទៅទីបញ្ជាការអាវុធហត្ថខណ្ឌទួលគោក ដើម្បីសួរនាំបន្ត និងចាត់ការទៅតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ