ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១នេះ លោក ឆារស៏ វ៉ាន់ , លោក សៅ ភិរុន និង លោក ជិន ប៊ុនធឿន បានអញ្ជើញសំណេះសំណាល និង នាំយកអំណោយរបស់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា មានជាស្បៀង គ្រឿងឧបភោគ-បរិភោគ ផ្តល់ជូនរដ្ឋបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រតិភូតំណាងបានមានប្រសាសន៍សំណេះសំណាល និងពាំនាំបណ្តាំសួរសុខទុក្ខជូនដល់ថ្នាក់ដឹកនាំខណ្ឌ និងបងប្អូនកងកំលាំងថា លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានយល់ពីសុខទុក្ខ និងការលំបាកបងប្អូនដែលបានប្រចាំការនាពេលកន្លងមក ហើយការនាំយកអំណោយទាំងនេះមកគឺដើម្បីចូលរួមចែករំលែកភាពនឿយហត់របស់បងប្អូនដែលឈរជើងប្រចាំការក្នុងភូមិសាស្ត្រខណ្ឌ ពិសេសក្នុងតំបន់ដែលអនុវត្តនូវការបិទខ្ទប់របស់រាជរដ្ឋាភិបាលនៅតំបន់មួយចំនួននៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមិនអោយមានការរីករាលដាលបន្តនូវជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
អំណោយមនុស្សធម៌ ដែលផ្តល់ជូនរួមមាន៖
១-អង្ករ ០២ តោន
២-ត្រីខ ១០កេស ស្មើ ១០០០កំប៉ុង
៣-មី ១០កេសធំ ស្មើ ៦០កេសតូច
៤-ភេសជ្ជប៉ូវកំលាំង carabao ១០០កេស
៥-ប៊ីចេង ០១បេ (មាន ២៥គីឡូ)
៦-អំបិល ០១បេ (មាន ២៥គីឡូ)
៧-ទឹកត្រី ១០យួរ ស្មើ ៦០ដប
៨- ទឹកស៊ីអុីវ ១០យួរ ស្មើ ៦០ដប
៩-ទឹកសុទ្ធ ARUNA ២០០កេស
១០-អាល់កុល ១៥០ លីត្រ
១១-ម៉ាស់ ០២កេសធំ មាន ១០០ប្រអប់ ស្មើ ៥០០០ម៉ាស់។
លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋបាលខណ្ឌទាំងអស់ រីករាយស្វាគមន៍ទទួលអំណោយដ៏ថ្លៃថ្លានេះណាស់ ហើយសូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក ឌី វីជ្ជា និង លោកស្រី ហ៊ុន ម៉ាណា ដែលតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនកងកំលាំងគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានឧបត្ថម្ភជាអំណោយដ៏សែនសប្បុរសនៅពេលនេះ៕
ដោយ ៖ សិលា