ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះកង់ហាត់ប្រាណតាមផ្លូវ បែរជាត្រូវបុរសម្នាក់ជាមន្ត្រីយោធាជិះម៉ូតូមកបុកពីក្រោយបណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ កាលពីវេលាម៉ោង៦ និង៤០នាទីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ម្ចាស់ម៉ូតូបង្កមានឈ្មោះ សួន ដាវិត អាយុ៣៧ឆ្នាំ មុខរបរជាមន្ត្រីយោធា។ ចំណែកស្ត្រីរងគ្រោះមិនបានស្គាល់អត្តសញ្ញាណទេ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលេីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះកំពុងតែជិះកង់ហាត់ប្រាណតាមផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុក៏មានបុរសម្នាក់ជិះម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1W -0403 ជិះស្របទិសគ្នាហេីយជ្រុលទៅបុកកង់ពីក្រោយបណ្ដាលឲ្យស្ត្រីដែលជាជនរងគ្រោះដួលបោកនឹងថ្នល់សន្លប់ស្តូកស្តឹង ភ្លាមៗនោះក៏មានរថយន្តសង្គ្រោះរបស់មន្ទីរសម្រាកព្យាបាលសួគ៌ាដឹកយកទៅសង្គ្រោះផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានចុះមកដល់កន្លែងកើតហេតុនិងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ មកធ្វើការវាស់វែងយកកង់និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ