អន្តរជាតិ៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ថា អាជ្ញាធរមូលដ្ឋានបន្តរកឃើញអ្នកជំងឺ COVID-19ថ្មី ចំនួន ១,៧៦៣នាក់បន្ថែមទៀត ខណៈអ្នកជំងឺ ២៧នាក់ទៀតបានស្លាប់ នៅក្នុងកំឡុងពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារនេះដែរ បានដកស្រង់ចេញផ្សាយពីប្រភពក្រសួងសុខាភិបាលថៃ បាននិយាយថា ក្រោយបូកបញ្ចូលតួលេខថ្មីៗខាងលើ នាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសថៃ កើនឡើងដល់ ៧២,៧៨៨ករណី និងអ្នកស្លាប់សរុបកើនឡើងដល់ ៣០៣នាក់ គិតចាប់តាំងពីមានការផ្ទុះឡើង នូវការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីដើមឆ្នាំ២០២០។ ដោយឡែកអ្នកជំងឺជាង ៣០,០០០នាក់ទៀត កំពុងស្ថិតក្នុងការព្យាបាលនៅឡើយ ខណៈអ្នកជាសះស្បើយសរុបកើនដល់ ៤២.៤៧៤នាក់។
គួរជម្រាបថា មួយរយៈចុងក្រោយនេះ ករណីផ្ទុះរលកថ្មីនៃជំងឺ COVID-19នៅក្នុងប្រទេសថៃ ដោយរួមមានវត្តមានវីរុសបំប្លែងខ្លួនថ្មី មានប្រភពដើមពីអង់គ្លេស ឬគេស្គាល់ថា B.1.1.7 ដែលអាចមានសមត្ថភាពចម្លងខ្ពស់នោះ បានរ៉ាប់រងប្រហែលពាក់កណ្តាលនៃចំនួនអ្នកឆ្លង និងស្លាប់សរុបនៅទូទាំងប្រទេស។
ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ ប្រទេសថៃសម្រេចបានជិត ១,៥០០,០០០ដូសហើយ៕
ដោយ៖ស តារា