ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសារកងទ័ព ចំនួន ១.៤០៤នាក់ ត្រូវបាន ផ្ដល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២ រួចរាល់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់គ្រួសារកងទ័ព ក្នុងទីបញ្ជាការយោធភូមិភាគទី៥ រយ:ពេល២ថ្ងៃ គឺថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥  បានអញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងជូនដល់ សមាជិកក្រុមគ្រួសារទ័ព លើកទី២ នៅក្នុងទីបញ្ជាការយោធភូមិភាគទី៥។

ក្រុមគ្រួសារកងទ័ពដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសម្តេចតេជោ នាយករដ្ឋមន្រ្តី សំរាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២ ដែលនេះគឺជាការគិតគូរពីសុខទុក្ខរបស់ក្រុមគ្រួសារកងទ័ព ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ដែលជាតម្រូវការចាំបាច់បំផុតសម្រាប់ពួកគាត់។

លោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ បានលើកឡើងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ គឺជាការស្ម័គ្រចិត្តរបស់ក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីការពារខ្លួនឯងពីជំងឺកូវីដ-១៩ និងបញ្ចៀសបាននូវការចម្លងជំងឺកូវីដ-១៩ ទៅក្រុមគ្រួសារ និងអ្នកដទៃផ្សេងទៀត ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសផងដែរ។

មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ បន្តលើកឡើងថា ក្រុមគ្រួសារកងទ័ព ១.៤០៤នាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២ រួចរាល់។

លោក មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ បានបញ្ជាក់បន្តថា ការទទួលបានវ៉ាក់សាំងរបស់គ្រួសារកងទ័ពនៅពេលនេះ គឺជាការឆ្លើយតបយ៉ាងទាន់សភាពការណ៍ខណៈដែលកម្ពុជាយើងកំពុងមានបញ្ហាឆ្លងចូលក្នុងសហគមន៍ ២០កុម្ភៈ និង ការឆ្លង រីករាលដាលក្នុងក្រុងប៉ោយប៉ែត និងបានបិទខ្ទប់តំបន់មួយចំនួនទៀតផងដែរនោះ។ ដូច្នេះទាមទារឱ្យកងទ័ព និងគ្រួសារកងទ័ព ត្រូវទទួលបានវ៉ាក់សាំងដើម្បីការពារពីជំងឺកូវីដ-១៩ ដែលកំពុងនៅបង្កជាបញ្ហាធ្ងន់ធ្ងរទាំងនៅកម្ពុជា ក៏ដូចជានៅលើសកលលោកផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖