ភ្នំពេញ៖ ដើម្បីជំរុញឲ្យការងារនៃការបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាពថែមទៀត ដែលអាចឈានទៅកាត់ផ្ដាច់បាននូវការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រួតពិនិត្យឡើងវិញនិងដាក់ទិសដៅបន្តទៀត ដើម្បីទប់ស្កាត់ឱ្យបាននៃការរីករាលដាលជំងឺនេះ។
ការជំរុញបែបនេះរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នៅរសៀលថ្ងៃទី០៤ឧសភានេះ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ ឧសភា ឆ្នាំ ២០២១ គឺក្នុងបំណងដើម្បីត្រួតពិនិត្យការងារមួយចំនួនរបស់អាជ្ញាធរខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯករាជធានីភ្នំពេញ និងដាក់ទិសដៅបន្តក្នុងកិច្ចការពារជំងឺរាតត្បាតកូវីដ-១៩នេះ។
ក្នុងកិច្ចប្រជុំនោះ ក៏បានលើកឡើងពីការបែងចែកការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ ដូចជាការផ្តល់អំណោយជូនបងប្អូនប្រជាពលរដ្ឋផងដែរ។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញតាមរយៈvideo conference នេះដែរ អភិបាលខណ្ឌទាំង១៤ បានរាយការណ៍អំពីស្ថានភាពនានានៅក្នុងមូលដ្ឋានរបស់ខ្លួន ជុំវិញការវិវត្តនានានៃជំងឺកូវីដ-១៩ ដើម្បីយកចំណុចទាំងនោះមកពិភាក្សាគ្នា ស្វែងរកចំណុចល្អៗ ដែលធ្វើយ៉ាងណាអាចឈានទៅដល់ការផ្តាច់ជំងឺកូវីដ-១៩ បានជោគជ័យនៅពេលដ៏ខ្លីខាងមុខនេះ៕
ដោយ៖ សំរិត