ភ្នំពេញ៖ ក្នុងលិខិតរបស់លោកស្រីមានខ្លឹមសារថា , នាងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានចូលរួមថ្លែងសុន្ទរកថាពិសេស ក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៧ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN ESCAP)។
សុន្ទរកថាពិសេស តាមរយៈសារជាវីដេអូរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៅក្នុងកម្មវិធីបើកសន្និបាត ពិតជាបានកំណត់នូវត្រីវិស័យដល់ការពិភាក្សា និងចូលរួមចំណែកដ៏ធំធេងក្នុងការធ្វើឲ្យកិច្ចប្រជុំលើកទី៧៧ របស់ UN ESCAP ទទួលបានលទ្ធផលជោគជ័យ ។
ទោះបីជាស្ថានការណ៍នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ កាន់តែធ្ងន់ធ្ងរ ដែលតម្រូវឲ្យយើងធ្វើការប្រជុំ តាមរយៈប្រព័ន្ធវីដេអូក៏ដោយ អង្គសន្និបាតបានដំណើរការទៅយ៉ាងល្អ និងបានអនុម័តលើសេចក្តីសម្រេចមួយ ស្តីពី “ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” ដែលបានផ្តល់នូវមូលដ្ឋានគ្រឹះ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើកកម្ពស់ភាពធន់និងរឹងមាំរបស់បណ្តាប្រទេសអាស៊ី និងប៉ាស៊ីហ្វិក ក្នុងការឆ្លើយតបទៅនឹងវិបត្តិនាពេលអនាគត ។ ការសម្រេចចិត្តរបស់អង្គសន្និបាតទាំងមូល ក៏ជាមូលដ្ឋានដ៏រឹងមាំមួយទៀត ក្នុងការឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ននៅក្នុងតំបន់ ។
លោកស្រីបន្តថា, នាងខ្ញុំរង់ចាំស្វាគមន៍ដោយក្តីរីករាយ ចំពោះការចូលរួមដ៏ឧត្តុងឧត្តមរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៅក្នុងសន្និបាតនាពេលអនាគត ហើយនិងបន្តធ្វើការងារយ៉ាងជិតស្និតជាមួយសម្តេចតេជោ នាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី និងប៉ាស៊ីហ្វិក។
សូម សម្តេចតេជោ នាយករដ្ឋមន្រ្តី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីនាងខ្ញុំ។
ហត្ថលេខា
(អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP) ៕
ដោយ ៖ សិលា