ខេត្តមណ្ឌលគិរី៖ កំណាត់ផ្លូវជាតិលេខ៧៦A ដែលរងការខូចខាតជាងបួនគីឡូម៉ែត្រ ត្រូវបានអាជ្ញាធរខេត្ត ធ្វើការជួសជុលឡើងវិញ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ សម្រាប់បម្រើសេចក្តីត្រូវការក្នុងខេត្តមណ្ឌលគិរី។ ការចុះបើកការដ្ឋានជួសជុលកំណាត់ផ្លូវជាតិនេះ ធ្វើឡើងក្រោមអធិបតីភាពលោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត,លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។
លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ផ្លូវជាតិលេខ ៧៦Aនេះ បានដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលរហូតមកដល់ពេលនេះ កំណាត់ផ្លូវមួយចំនួនបានរងការខូចខាត ហើយមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត ក៏បានធ្វើការជួសជុលជាបន្តបន្ទាប់ផងដែរ។
លោកអភិបាលខេត្តបន្តថា ផ្លូវជាតិលេខ ៧៦Aនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ខេត្តមណ្ឌលគិរី បើមិនមានការយកចិត្តទុកដាក់ថែទាំ ឬជួសជុលឲ្យបានទាន់ពេលនោះទេ វាអាចធ្វើឲ្យរាំងស្ទះដល់កិច្ចការអភិឌ្ឍន៍ស្ទើគ្រប់វិស័យរបស់ខេត្ត ជាពិសេស ដោយសារតែផលប្រយោជន៍ដែលទទួលបានពីផ្លូវជាតិមួយខ្សែនេះដ៏លើសលប់លោកអភិបាលខេត្តបានបញ្ជាដល់មន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត ត្រូវតែជួសជុលកំណាត់ផ្លូវជាតិនេះ ឲ្យមានគុណភាពខ្ពស់ ចៀសវាងការជួសជុលខាងមុខខូចខាងក្រោយ ដែលនាំឲ្យខាតបង់ថវិកាជាតិ ប៉ះពាល់ដល់ការធ្វើចរាចរណ៍ ជាពិសេស ប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
តាមការបញ្ជាក់របស់លោក រស់ គីមធន ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការបើកការដ្ឋានជួសជុលនេះមានប្រវែង ៤.៣៨០ម៉ែត្រ នៅចន្លោះគីឡូម៉ែត្រលេខ ៦៧+៥០០ ដល់ ៧១+៨៨០ ហើយការជួសជុលផ្លូវនេះ ជាថវិកាគម្រោងប្រចាំឆ្នាំការងារថែទាំឆ្នាំ២០២១ ដោយសារផ្លូវមានការខូចខាតធ្ងន់ធ្ងរ ទើបមន្ទីរសម្រេចជួសជុលឡើងវិញ១០០% ព្រោះស្ថានភាពផ្លូវចាស់ មានសភាពប៉ោងស្រុតរមួល ដែលមិនអាចថែទាំប្រចាំបានទេ។
នាឱកាសនោះ លោកអភិបាលខេត្ត បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងថវិកា ១លានរៀល ឧបត្ថម្ភដល់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត ដើម្បីដោះស្រាយការហូបចុកផងដែរ៕
ដោយ៖ សូរិយា