ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​ខេត្ត​កែប៖​ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​បន្ទាន់​ នឹងដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យឡើងវិញ ខណៈ​​ក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ បញ្ចប់​ការបិទ​ខ្ទប់​

ចែករំលែក៖

ខេត្ត​កែប​៖ បេីយោង​តាមការបញ្ជាក់ពី​លោក សោម ពិសិដ្ឋ អភិបាល​ខេ​ត្ក​កែប​ បានថ្លែង​នៅ​ព្រឹកថ្ងៃពុធទី​៥ ខែឧសភា ឆ្នាំ​២០២១នេះថា​ ​កម្លាំង​គណៈបញ្ជាការ​ឯកភាពខេត្ត​កែប នឹងដាក់​ប៉ុស្តិ៍​តាម​ច្រក សំខាន់ៗ​ឡើងវិញ ដើម្បី​ត្រួតពិនិត្យ ការឆ្លងកាត់ ពិសេស​អ្នកដំណើរ ចេញ​មកពី​តំបន់ ធ្លាប់​ត្រូវបាន​បិទ​ខ្ទប់​។ ការលើកឡើង​បែបនេះ​របស់លោក​ អភិបាល​ខេត្ត​ បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​បន្ទាន់មួយ​ ស្តីពី​កិច្ចពង្រឹង​វិធានការ​ទប់ស្កាត់ ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩។

​ជាក់ស្ដែង​អភិបាល​ខេ​ត្ក​កែប លោក សោម ពិសិដ្ឋ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ផ្អែក​តាម​សេចក្តីណែនាំរបស់​រាជរដ្ឋាភិបាល ស្តីពី​ការបង្ការ​ទប់ ស្កាត់​ការរីក​រាលដាល នៃជំងឺ​កូ​វីដ-​១៩ និង​ការបញ្ចប់​ការបិទ​ខ្ទប់ នៅរាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល រដ្ឋបាលខេត្ត បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​អនុវត្ត​វិធាន​ថ្មី​នេះផងដែរ​​។​

​លោក សោម ពិសិដ្ឋ ថ្លែង​បន្ត​ថា​ ក្នុង​កិច្ចប្រជុំខាងលេីនេះ បានសម្រេច​ជាគោលការណ៍ គឺ​ចាប់ពី​ម៉ោង ៧ ព្រឹកនៅថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១ស្អែកនេះតទៅ​ ដោយ​រដ្ឋបាលខេត្ត​កែប នឹងដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​បន្ត តាម​បណ្តា​គោលដៅ​សំខាន់ៗ ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប ជាពិសេស​នៅ​ចំណុច ព្រំប្រទល់​ខេត្ត​កែប និង​ខេត្តកំពតតែម្តង​។​

​បន្ថែម​ពីនេះ​ លោក​អភិបាលខេត្តរូបនេះ​ បាន​មានប្រសាសន៍​ទៀតថា វិធានការ​នេះ មានបំណង​ការពារ​អាយុជីវិត និង​សុខុមាលភាព ប្រជាពលរដ្ឋ ក្នុង​ខេត្ត​កែប​ទាំងមូល​។ ស្របពេល​បញ្ចប់ នៃ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នោះ ពិតជា​មាន​អ្នក​ដែល​ធ្លាប់​រស់នៅ ក្នុង​តំបន់​ប្រឈម ចេញ​ឆ្ពោះទៅកាន់​ខេត្ត​នានា​ជាក់​ជា​មិ​ខាន​។ ម្ល៉ោះហើយ ការដាក់​ប៉ុស្តិ៍​ឡើងវិញ​នេះ ដើម្បី​ត្រួតពិនិត្យ​សុខភាព ឱ្យបាន​ល្អិតល្អន់ នូវ​រាល់​អ្នកធ្វើដំណើរ​ឆ្លង កាត់​ទាំងឡាយ​។​ លោកអភិបាល​ បន្ត​ថា កន្លងមកព្រោះតែ​ការអនុវត្ត រាល់​សេចក្តីណែនាំ​របស់ប្រមុខ​រាជរដ្ឋាភិបាល បាន​ត្រឹមត្រូវ ទើប​រដ្ឋបាលខេត្ត​កែប ទទួលជោគជ័យដោយ​មិនមាន​ការឆ្លង​ចូលសហគម៍​នូវ​ជំងឺ​កូ​វីដ​-១៩​នេះ​។

គួរជម្រាបដែរថា​​ នាថ្ងៃទី០៥ ខែឧសភានេះដែរ មន្ទីរពេទ្យបង្អែកខេត្តកែប បានព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន ០២អង្គ/នាក់ គឺព្រះសង្ឃនាម ប៊ូ ផាត ព្រះជន្ម ៥៥វស្សា និងស្រ្តីឈ្មោះ ប៊ូ ហ៊ួយ អាយុ ២៨ឆ្នាំ បានជាសះស្បើយ តាមរយៈការយកវត្ថុសំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ ដោយទទួលបានលទ្ធផលអវិជ្ជមានចំនួន ០២លើក ជាប់ៗគ្នា។ ទោះជាយ៉ាងនេះក្តី បុគ្គលជាសះស្បើយទាំងពីរ អង្គ/នាក់នេះ ត្រូវបានក្រុមគ្រូពេទ្យជំនាញអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តក្តី តែត្រូវធ្វើចត្តាឡីស័កនៅកុដិ/ផ្ទះ ក្នុងរយៈពេល១៤ថ្ងៃបន្តទៀត។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តខេត្តកែប ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសវិធានការនានា របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕​ដោយ ​៖ សហការី​


ចែករំលែក៖