បាតុកម្មបានកើតឡើងនៅទូទាំងប្រទេសកូឡុំប៊ី បណ្តាលឲ្យមនុស្ស ១៩នាក់ស្លាប់ និងជាង៨០០នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខ ។
បណ្តាញព័ត៌មាន Channel News Asia នៅថ្ងៃទី ៤ ខែឧសភា បានផ្សាយថា អង្គការសហប្រជាជាតិបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពប្រើហិង្សាទៅលើក្រុមបាតុករនៅកូឡុំប៊ី បណ្តាលឲ្យមនុស្ស ៨៩នាក់បាត់ខ្លួន និងស្លាប់១៩នាក់ របួស៨៤៦នាក់ ។
ចាប់ពីថ្ងៃទី២៨ខែមេសាមក ពលរដ្ឋកូឡុំប៊ី រាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងច្បាប់កែទម្រង់ប្រព័ន្ធពន្ធដារ។ ក្រោយមកបាតុកម្មក៏បានរាលដាលជាទ្រង់ទ្រាយធំ ដោយមានគោលដៅប្រឆាំងរដ្ឋាភិបាលរបស់ប្រធានាធិបតី Ivan Duque ។
ក្រសួងការពារជាតិកូឡុំប៊ី បានដាក់ពង្រាយកម្លាំងទាហាន ៤៧៥០០នាក់ ដើម្បីគ្រប់គ្រងស្ថានភាពដោយមានទាំងឧទ្ធម្ភាគចក្រហោះហើរពីលើអាកាសផងដែរ។ ក្រសួងការពារជាតិ បានប្រកាសថា បាតុកម្មមានការរៀបចំទុកជាមុនដោយមានការគាំទ្រផ្តល់ជំនួយពីក្រុមជនល្មើស។
រដ្ឋមន្ត្រីក្រសួងការពារជាតិ Molano បានបញ្ជាក់ថា «កម្លាំងទាហានចាំបាច់ត្រូវតែទប់ស្កាត់ក្រុមជ្រុលនិយមដែលបានឆ្លៀតឱកាសដើម្បីបំផ្លាញសន្តិសុខជាតិ»៕ដោយ៖ ធីរីណា
រូបភាព៖AFP