ព័ត៌មានទាន់ហេតុការណ៍៖

សែលកាត ដំឡើងបណ្តាញសេវាថ្មីៗនៅក្នុងតំបន់ក្រហម និងលឿងទុំ ដើម្បីជួយផ្គត់ផ្គង់ដល់សហគមន៍នៅក្នុងអំឡុងពេលនៃការបិទខ្ទប់

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី 5 ឧសភា 2021 ក្រុមហ៊ុនសែលកាត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយដល់សហគមន៍ក្នុងការភ្ជាប់ទំនាក់ទំនងនៅក្នុងអំឡុងពេលនៃការបិទខ្ទប់ តាមរយៈការដំឡើងបណ្តាញ 4G LTE ថ្មីចំនួន 169 ទីតាំងបន្ថែមទៀតនៅក្នុងតំបន់ក្រហម និងពណ៌លឿងទុំ ចាប់តាំងពីមានការរីករាលដាលនៃជម្ងឺកូវីដនៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុនទូរគមនាគមន៍ ដែលជាមោទនភាពរបស់ខ្មែរ ហើយក៏ជាក្រុមហ៊ុនតែមួយគត់ដែលគ្រប់គ្រងដោយជនជាតិខ្មែរ 100% បានបញ្ចប់ការដំឡើងបណ្តាញផ្តល់សេវាក្នុងសប្តាហ៍នេះ ជាមួយក្រុមវិស្វករដែលបានដាក់ពង្រាយនៅទូទាំងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងការបិទខ្ទប់ក្នុងពេលបច្ចុប្បន្ននេះ

ក្រៅពីការដំឡើងទីតាំងថ្មី ក្រុមការងារវិស្វកររបស់សែលកាតក៏បានដំឡើងបណ្តាញផ្តល់សេវាខ្នាតតូច សម្រាប់ផ្តល់សេវាគ្របដណ្ដប់ក្នុងអគារនៅតាមមន្ទីរពេទ្យ និងអគារសហគមន៍ជាច្រើនទៀត ហើយថែមទាំងបានវិនិយោគទៅលើបណ្តាញទូរស័ព្ទចល័តថ្មីចំនួនបី ដែលជាប្រភេទអង់តែនចល័ត (Wheels Solution) ដើម្បីពង្រីកសេវាគ្របដណ្ដប់និងសមត្ថភាពដល់ទីតាំងខាងក្រៅផងដែរ

កិច្ចការនេះ គឺជាផ្នែកមួយនៃការបន្តការវិនិយោគរយៈពេលវែង ក្នុងការពង្រីកបណ្តាញសេវារបស់ក្រុមហ៊ុន ដែលជាលទ្ធផលបណ្តាញសេវា 4G LTE ចំនួន 500 ទីតាំងទៀត នឹងត្រូវបានដំឡើងបន្ថែមនៅក្នុងរាជធានីភ្នំពេញ នាអំឡុងពេលប៉ុន្មានខែខាងមុខទៀតនេះ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ថា ក្រុមការងាររបស់លោក បានតាមដាននូវតម្រូវការទិន្នន័យទូរស័ព្ទ ដែលបានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ ដូច្នេះហើយ ពួកយើងអាចកំណត់នូវទីតាំងដែលត្រូវការសមត្ថភាពនិងសេវាគ្របដណ្តប់បន្ថែម។

លោក វ៉ាតសុន បានមានប្រសាសន៍ទៀតថា ក្នុងអំឡុងស្ថានភាពបែបនេះ ប្រជាពលរដ្ឋពិតជាមានតម្រូវការខ្លាំងក្នុងការប្រើប្រាស់អ៊ិនធណិតតាមទូរស័ព្ទ ដែលជាបណ្តាញទំនាក់ទំនងដ៏សំខាន់បំផុតមួយសម្រាប់គ្រួសារ និងសហគមន៍របស់ពួកគេ

ការទិញទំនិញតាមអនឡាញ ដូចជាតាមរយៈកម្មវិធីដឹកជញ្ជូនដល់គេហដ្ឋានជាដើម កំពុងមានការកើនឡើងជាខ្លាំង ស្របពេលដែលតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការទទួលបាននូវព័ត៌មានទូទៅ និងព័ត៌មានថ្មីៗអំពីជម្ងឺរាតត្បាតតាមបណ្តាញព័ត៌មាន និបណ្តាញសង្គម ក៏កំពុងមានការកើនឡើងខ្លាំងដូចគ្នា

ក្នុងពេលនេះ ក្រុមគ្រួសារ និងសហគមន៍ជាច្រើន បានរស់នៅដាច់ដោយឡែកពីគ្នា ដូច្នេះពួកគេត្រូវការការធានាចំពោះការទំនាក់ទំនងតាមទូរស័ព្ទជាសំឡេង និងការជួបសន្ទនាតាមវីដេអូ បានគ្រប់ពេលវេលា

ទន្ទឹមនឹងនោះ យើងក៏ឃើញមានការកើនឡើងនៃការទូទាត់តាមឌីជីថលសម្រាប់ការបង់ប្រាក់កម្ចី ការបង់ថ្លៃទឹកភ្លើង និងការផ្ទេរប្រាក់ទៅកាន់សមាជិកគ្រួសារ ដែលកំពុងទទួលរងសម្ពាធហិរញ្ញវត្ថុផងដែរ

ការផ្តល់បណ្តាញទំនាក់ទំនងប្រកបដោយគុណភាពសម្រាប់គ្រប់កាលៈទេសៈទាំងអស់នេះ គឺមានសារៈសំខាន់ណាស់ ដូច្នេះហើយក្រុមហ៊ុនសែលកាត សូមធានាជូនអតិថិជនទាំងអស់ថា ពួកយើងនឹងនៅរង់ចាំបម្រើលោកអ្នកជានិច្ច ហើយពួកយើងនឹងបន្តវិនិយោគទៅលើបណ្តាញរបស់យើង រួមទាំងផ្តល់ជូននូវសេវាកម្មដែលអតិថិជនត្រូវការ ក៏ដូចជាសក្តិសមនឹងទទួលបាន ក្នុងពេលបច្ចុប្បន្ននេះ”។

ការពង្រីកបណ្តាញនាពេលថ្មីនេះ នឹងជួយបង្កើនសេវាគ្របដណ្តប់នៅតាមទីតាំងកំពុងទទួលរងផលប៉ះពាល់ដោយជម្ងឺកូវីដចំនួន 92កន្លែង ដោយក្នុងនោះរួមមានទីតាំងថ្មីចំនួន 26កន្លែង ឋិតនៅក្នុងតំបន់ក្រហមក្នុងសង្កាត់ស្ទឹងមានជ័យនិងចោមចៅ និងទីតាំងថ្មីចំនួន 90 កន្លែងទៀត ឋិតនៅតំបន់ពណ៌លឿងទុំដូចជាសង្កាត់ព្រែកលាប ច្រាំចំរេះទី1 គីឡូម៉ែត្រលេខ6 ឬស្សីកែវ នីរោធន៍ច្បារអំពៅទី2 ព្រែកប្រា ចាក់អង្រេក្រោម បឹងទំពុន ដង្កោ ព្រៃស ចោមចៅូរបែកក្អម និងគោកឃ្លាំង។

សម្រាប់តំបន់លឿង ក្រុមហ៊ុនសែលកាតបានដាក់ពង្រាយទីតាំងថ្មីចំនួន 53កន្លែង មានដូចជានៅសង្កាត់វាលស្បូវ ក្បាលកោះ ជើងឯក បឹងធកំបូលគោករកា បឹងកក់ទី1 បឹងកក់ទី2 ស្រះចក វត្តភ្នំ បឹងរាំង តុមុខ និងទន្លេបាសាក់

បណ្តាញផ្តល់សេវាថ្មី ដែលជាអង់តែនចល័ត ត្រូវបានដាក់ប្រើប្រាស់ដើម្បីជួយគាំទ្រដល់ក្រសួងសុខាភិបាល ក្នុងការផ្តល់សេវាគ្របដណ្តប់នៅតាមមណ្ឌលព្យាបាល និងមណ្ឌលធ្វើតេស្ត និងចាក់វ៉ាក់សាំងសំខាន់ៗ ដោយក្នុងនោះរួមមានមន្ទីរពេទ្យស្ត្រីនគរទេព ដែលពេលនេះបានប្តូរឈ្មោះមក «មន្ទីរពេទ្យ​ហ្លួងម៉ែ​» កោះពេជ្រ ស្តាតអូឡាំពិក ចំការដូង និងសណ្ឋាគារកាំបូឌីយ៉ាណាជាដើម

មិនតែប៉ុណ្ណោះ បណ្តាញផ្តល់សេវាខ្នាតតូចចំនួន 31កន្លែងផ្សេងទៀត សម្រាប់ជួយពង្រីកសេវាគ្របដណ្ដប់នៅក្នុងអគារ ត្រូវបានដំឡើងនៅមណ្ឌលសុខភាពចាក់អង្រែ សណ្ឋាគារហ្ក្រេដឌុក មន្ទីរពេទ្យ​ហ្លួងម៉ែ រួមទាំងនៅតាមតំបន់ពណ៌លឿងនិងលឿងទុំ ដែលស្ថិតនៅសង្កាត់ព្រែកឯង ទួលគោក ផ្សារទួលទំពូងនិងសែនសុខផងដែរ


ចែករំលែក៖