ដោយសារតែវិធានការតឹងរ៉ឹងដែលអូស្រ្តាលីប្រើប្រាស់ដើម្បីគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺ COVID-19 រួមមានការបិទខ្ទប់ប្រទេសទាំងស្រុង និងការបិទព្រំដែនជាដើម បានជួយឲ្យប្រទេសធំមួយនេះ រក្សាចំនួនករណីឆ្លងសរុបឲ្យនៅត្រឹមជាង២៩,៨០០នាក់ ក្នុងនោះស្លាប់៩១០នាក់ ចាប់តាំងតែពីវាបានផ្ទុះឡើងដំបូងកាលពីជាងមួយឆ្នាំមុន។
នៅពេលនេះ រដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេបំផុតនៅអូស្ត្រាលីគឺរដ្ឋ New south wales នៅថ្ងៃពុធនេះបានរាយការណ៍ពីករណីឆ្លងក្នុងសហគមន៍លើកដំបូងនៃ COVID-19 បើគិតក្នុងរយៈពេលជាង១ខែមកនេះ ខណៈដែលអាជ្ញាធរអូស្រ្តាលីកំពុងតែស្វែងរកប្រភព។
ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១ បានផ្សាយថា អាជ្ញាធរសុខាភិបាលនៃរដ្ឋ New South Wales របស់អូស្រ្តាលី បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ទោះបីជាប្រទេសអូស្រ្តាលីទាំងមូលបានកម្ចាត់វត្តមានជំងឺ COVID-19 សឹងតែទាំងស្រុងក៏ដោយ ក៏បុរសវ័យ៥០ឆ្នាំម្នាក់នៅក្នុងរដ្ឋនេះ ដែលត្រូវគេដឹងថាមិនមានទាក់ទងទៅនឹងសណ្ឋាគារណាមួយដែលត្រូវបានប្រើប្រាស់សម្រាប់ធ្វើចត្តាឡីស័កអ្នកដំណើរមកពីក្រៅប្រទេសផងដែរ ទើបតែបានធ្វើតេស្តវិជ្ជមាន ចំពោះ COVID-19 កាលពីថ្ងៃអង្គារសប្តាហ៍នេះ៕ដោយ៖ធីរីណា