អន្តរជាតិ៖ ប្រទេសឥណ្ឌាបានកត់ត្រាថ្មីមួយទៀតហេីយគឺសុទ្ធតែជាតួលេខខ្ពស់បំផុត ដែលឥណ្ឌាទើបជួបប្រទះ ដោយត្រឹមតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ រកឃើញចំនួនអ្នកឆ្លងជំងឺ COVID-19ថ្មី សរុប ៤១២,៦១៨នាក់ទៀត ខណៈអ្នកជំងឺរហូតដល់ ៣,៩៨២នាក់បាត់បង់ជីវិត។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចុះផ្សាយនារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១។
ជាក់ស្ដែងឥណ្ឌា ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២១,០៧០,៨៥២ករណី ក្នុងនោះមានអ្នកស្លាប់សរុប ២៣០,១៥១នាក់ និងជាសះស្បើយឡើងវិញ ១៧.២៧លាននាក់ ខណៈអ្នកជំងឺរហូតដល់ ៣.៥៧លាននាក់ កំពុងទទួលការព្យាបាល និងរង់ចាំការព្យាបាល។
គួរជម្រាបថា ស្ថិតនៅចំពោះមុខមហន្តរាយលើវិស័យសុខាភិបាល បង្កឡើងដោយរលកទី៣ នៃ COVID-19 ដែលបាននិងកំពុងបោកបក់នោះ ប្រទេសឥណ្ឌាពេលនេះបានទទួលជំនួយពីបរទេស ជាពិសេសគឺអុកស៊ីសែន និងគ្រឿងបរិក្ខាពេទ្យសរុបជាង ៣,០០០តោនរួចទៅហើយ។
ជាមួយគ្នានេះ កាលពីថ្ងៃពុធទី៥ ឧសភាម្សិលមិញនេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានប្រកាសពីការគាំទ្រសំណើរបស់ឥណ្ឌា សម្រាប់ការលើកលែងកម្មសិទ្ធិបញ្ញា ឬប៉ាតង់វ៉ាក់សាំង COVID-19 ហើយថានឹងចរចាពីបញ្ហានេះ ជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ផងដែរ៕
ដោយ៖ស តារា
រូបភាព៖ Reuters