ព័ត៌មានទាន់ហេតុការណ៍៖

ចិនផ្អាកកិច្ចពិភាក្សាជាន់ខ្ពស់ស្តីពីសេដ្ឋកិច្ចជាមួយប្រទេសអូស្ត្រាលី

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃទី ៦ខែឧសភា បានផ្សាយថា ចិនបានសម្រេចផ្អាកកិច្ចពិភាក្សាជាន់ខ្ពស់ស្តីពីពាណិជ្ជកម្មជាមួយអូស្ត្រាលី ក្នុងពេលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងតែតានតឹងខ្លាំងឡើង។
សារព័ត៌មាន SCMP បានផ្សាយថា នៅក្នុងសេចក្តីប្រកាសរបស់ គណៈកម្មការកែទម្រង់ និងអភិវឌ្ឍន៍ ជាតិរបស់ចិនបានឱ្យដឹងថា រាល់សកម្មភាពពិភាក្សាស្តីពីពាណិជ្ជកម្ម រវាងចិននឹងអូស្ត្រាលី ត្រូវផ្អាកដោយមិនមានពេលកំណត់។ ការសម្រេចខាងលើរបស់ចិនគឺដោយសារតែ សកម្មភាពរបស់រដ្ឋាភិបាលអូស្ត្រាលី ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីមិនមានដំណើរការល្អ។
នៅក្នុងសេចក្តីប្រកាសរបស់ចិន «រយៈពេលកន្លងមក មន្ត្រីរដ្ឋាភិបាលអូស្ត្រាលីជាច្រើនបានធ្វើសកម្មភាពប៉ះពាល់ដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយរក្សាទស្សនៈសម័យសង្គ្រាមត្រជាក់។
ក្រុមអ្នកសង្កេតការណ៍ បានវាយតម្លៃថា សកម្មភាពរបស់ចិន គឺជាសារផ្ញើទៅកាន់អូស្ត្រាលីបង្ហាញពីការខឹងសម្បាយ៉ាងខ្លាំងរបស់ទីក្រុងប៉េកាំងចំពោះទំនាក់ទំនងទ្វេភាគី។ ក្រោយចិនប្រកាសផ្អាកកិច្ចពិភាក្សាគ្មានពេលកំណត់ បានធ្វើឲ្យប្រាក់ដុល្លារអូស្ត្រាលីធ្លាក់ចុះយ៉ាងខ្លាំង ។
កាលពីថ្ងៃទី២១ខែមេសា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne បានឲ្យដឹងថា អូស្ត្រាលីបានសម្រេចលុបកិច្ចព្រមព្រៀងចំនួន៤ ជាមួយប្រទេសចិន ដែលបានចុះកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៨ ។
ទំនាក់ទំនងរវាងអូស្ត្រាលីនិងចិនកាន់តែអាក្រក់ក្រោយអូស្ត្រាលី ដើរតាមអាមេរិក ស្នើឲ្យស្រាវជ្រាវប្រភពកូវីដ-១៩ នៅក្នុងប្រទេសចិន ។ កន្លងមកថ្មីៗ អូស្ត្រាលីក៏បានពិចារណាលុបកិច្ចព្រមព្រៀងជួលកំពង់ផែ៩៩ឆ្នាំឲ្យទៅចិនផងដែរ៕

ដោយ ៖ ធីរីណា(រូបភាព៖SCMP)

 


ចែករំលែក៖