ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់កម្លាំងជិត២០០នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរងនាយសេនាធិការ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចុះជួយចំនួន១ក្រុង២ស្រុកក្នុងខេត្តបន្ទាយមានជ័យ ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ស្នងការនគរបាល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផងដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ មានភ្លៀងលាយឡំនិងខ្យល់កន្រ្តាក់បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និងស្រុកព្រះនេត្រព្រះ យោងតាមព័ត៌មានបឋម ការខូចខាតប្រមាណចំនួន ២១៦ខ្នង និងសម្ភារមួយចំនួនតែមិនបណ្តាលឲ្យប្រជាពលរដ្ឋរងរបួសឬស្លាប់នោះទេ ក្រៅពីផ្ទះប្រជាពលរដ្ឋក៏បណ្តាលឲ្យខូចខាតជម្រកស្នាក់នៅបណ្តោះអាសន្នកងកម្លាំងចម្រុះកំពុងឈរជើងបិទខ្ទប់ក្រុងប៉ោយប៉ែតជាច្រើនកន្លែងផងដែរ។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសីចំនួន១០០០សន្លឹក សម្រាប់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋឡើងវិញភ្លាមៗ រួមជាមួយអំណោយរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ស័ង្កសី និងថវិកាមួយចំនួនផងដែរ។
ស្ថិតក្នុងស្ថានភាពដ៏លំបាក កំពុងប្រឈម នឹងជំងឺឆ្លងកូវីដ-១៩ ក្នុងក្រុងប៉ោយប៉ែត និងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទាំងប្រជាពលរដ្ឋ កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន បានខិតខំទប់ស្កាត់ការឆ្លងរីករាលដាលនេះ លោកមេបញ្ជាការកងពល បានគូសបញ្ជាក់ថា អនុវត្តតាមបទបញ្ជាថ្នាក់ដឹកនាំតាមឋានានុក្រម កងកម្លាំង បានចេញប្រតិបត្តិការ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ និងកម្លាំងមួយចំនួនបានត្រៀមខ្លួនជាស្រេច ជួយប្រជាពលរដ្ឋ រងគ្រោះដោយមហន្តរាយធម្មជាតិផ្សេងៗតាមសំណូមពរគណៈបញ្ជាការឯកភាពខេត្ត។
សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យគឺជាខេត្តមួយដែលតែងតែរងគ្រោះដោយខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ សម្ភារ រងរបួស និងស្លាប់ជារៀងរាល់ឆ្នាំ។
ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណជូនចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង៕
ដោយ៖ សូរិយា