ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញបន្ដផ្ដល់ស្បៀង អាហារ ជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ បានជិត៣០ម៉ឺនគ្រួសារហើយ គិតត្រឹមថ្ងៃទី០៦ ឧសភានេះ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយ កងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ បានចំនួនជិត៣០ម៉ឺនគ្រួសារ គិតត្រឹមថ្ងៃទី០៦ឧសភានេះ ។

      ជាក់ស្តែងនៅថ្ងៃទី០៥និង០៦ឧសភា ២ថ្ងៃជាប់គ្នានេះ អាជ្ញាធររាជធានីបានបន្តដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់បានចំនួន៣៥០០០គ្រួសារបន្ថែមទៀត ក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រ នៅខណ្ឌមានជ័យចំនូន ៥០០០គ្រួសារ នៅពោធិ៍សែនជ័យចំនួន ១៣ ២០០ គ្រួសារ ខណ្ឌដង្កោ ២០០ គ្រួសារ ខណ្ឌសែនសុខ ២០០០គ្រួសារ ខណ្ឌព្រែកព្នៅ ១០០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន៣០០០គ្រួសារ ខណ្ឌជ្រោយចង្វា ១០០០គ្រួសារ ខណ្ឌដូនពេញចំនួន៥០០គ្រួសារ ខណ្ឌ៧មករា ១៥០០គ្រួសារ ខណ្ឌទួលគោក ២០០០គ្រួសារ ខណ្ឌចំការមន ៨០០គ្រួសារ ខណ្ឌបឹងកេងកង ៣០០គ្រួសារ ខណ្ឌច្បារអំពៅចំនួន២៣០០ គ្រួសារ ខណ្ឌកំបូលចំនួន១៨០០គ្រួសារ និងក្រុមការងារចំនួន៤០០គ្រួសារ ។

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានគណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំវិធានការបិទខ្ទប់ សហការជាមួយ កងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀង អាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ០៤ខែ ឧសភា បានចំនួន២៦៤២០២គ្រួសារ ហើយចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ឧសភានេះបានចំនួន៣៥០០០គ្រួសារបន្ថែមទៀត ។

         ដូច្នេះសរុបនៃការចែកអំណោយជូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ០៦ខែ ឧសភានេះបានចំនួន២៩៩២០២គ្រួសារហើយ។

     សូមបញ្ជាក់ថា ៖ អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនិងសកម្មភាពមនុស្សធម៌ខាងលើនេះ បាន ប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន ២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអុីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕

ដោយ៖ សំរិត


ចែករំលែក៖