ភ្នំពេញ៖ បទ”ដៃសើម” របស់លោក សុវណ្ណសេដ្ឋី បានបញ្ចេញហើយកាលពីប៉ុន្មានថ្ងៃមុននេះ ដោយទទួលបានការចាប់អារម្មណ៍ច្រើនពីក្រុមយុវវ័យ រហូតបទចម្រៀងនេះត្រូវបានក្រុមអ្នកលេងបណ្តាញសង្គមនានា ពិសេសអ្នកលេង Tik Tok បានយកទៅច្រៀងត្រាប់តាមជាហូរហែ។ ស្របពេលដែលមានការគាំទ្រ គេក៏បានសង្កេតឃើញមានមតិរិះគន់ទៅលើខ្លឹមសារនៃបទចម្រៀងមួយនេះដែរពីសំណាក់តារាពហុជំនាញអ្នកនាង ស៊ូ ដាណេ។ សិល្បការិនីរូបនេះបានបញ្ចេញសំណេរនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់នាងថា “បើមិនទាន់មានអ្នកប្រតិកម្ម ខ្ញុំសូមប្រតិកម្មមុនគេទៅចុះ ហើយសូមឱ្យម្ចាស់បទបើកចិត្តទទួលការរិះគន់ស្ថាបនារបស់ខ្ញុំផង។ ខ្ទមស្នេហ៍ ដៃសើមបងមិនភ្លេចនោះទេ។ បងនៅចាំកាលពេលនោះធ្វើឱ្យដៃអូនសើម។ ដៃមានសំណើម សើមជោកពេញខោ។ សំឡេងប្អូនល្អ ទឹកដៃធ្វើភ្លេងក៏ល្អ ប៉ុន្តែសូមប្អូនពិនិត្យមើលទំនុកច្រៀងសាជាថ្មី តើវាអាចប៉ះពាល់ដល់សង្គមប៉ុនណា ។
អ្នកលេង TikTok ខ្លះគាត់ចូលមើលវីដេអូនេះហាក់មិនយល់ថាវាប៉ះពាល់ ព្រោះទទួលស្គាល់ថាបទភ្លេងល្អ មានទឹកដមពីរោះ។ អ្នកនាងបន្តថា “បងមកល្អទេ មិនបានជាន់ពន្លិចអ្វីប្អូនទេ ។ សូមគិតផលប៉ះពាល់ផងមុននឹងចេញបទចម្រៀង” ។
គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាចម្រៀង សុវណ្ណ សេដ្ឋី បាននៅឡើយទេ។ ទោះជាយ៉ាងណាបទមួយនេះត្រូវបានក្រុមអ្នកលេងTik Tik ជាច្រើនចាប់អារម្មណ៍ និងបានយកមករាំលេង ត្រាប់តាមការរាំរបស់តារាចម្រៀងរូបនេះជាច្រើនផងដែរ ខណៈដែលនៅលើបណ្តាញTik Tok របស់លោកវិញ បទចម្រៀងនេះមានអ្នកចូលទស្សនាជិត១លានដងរួចមកហើយដែរ៕
ដោយ ៖ វឌ្ឍនា