ខេត្តបន្ទាយមានជ័យ៖ រថយន្ត២គ្រឿងដឹកមនុស្ស១៧នាក់ក្នុងនោះកុមារ២នាក់ ដើម្បីឆ្លងដែនទៅថៃ ត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក សហការជាមួយកម្លាំងយោធាធ្វើការល្បាតស្ទាក់ឃាត់នៅវេលាម៉ោង៣និង២៥ នាទីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ចំណុចចម្ការស្វាយចន្ទីនៅខាងជើងឈៀងខាងកើតភូមិតេជោភ្នំឆត្រ ស្ថិតនៅភូមិតេជោភ្នំឆត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ។
លោក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា អ្នកបើកបររថយន្តខាងលើឈ្មោះ រ៉ម ហុង ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក រថយន្តម៉ាកកាមរី ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ២B-១១៣០ ដឹកមនុស្ស៥នាក់ ស្រី១នាក់ ។លោកបន្តថា ចំណែកអ្នកបើកបររថយន្ត ទី២ឈ្មោះ គង់ ណោក ភេទប្រុសអាយុ៥០ឆ្នាំ នៅភូមិណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ២B-៥៦៦២ ដឹកមនុស្ស១២នាក់ ស្រី១០នាក់ កុមារ២នាក់ ស្រី១នាក់ ។ ក្នុងនោះ មកពីកំពង់ចាម៦នាក់ បាត់ដំបង១០នាក់បន្ទាយមានជ័យ១នាក់ ។
លោកអធិការនគរបាលស្រុកស្វាយចេកបានបញ្ជាក់ថា៖ តាមចម្លើយសារភាពរបស់អ្នកបើកបររថយន្តទាំង២នាក់ មនុស្សដែលគេដឹកបម្រុងឆ្លងដែនទៅរកការងារធ្វើនៅប្រទសថៃទាំង១៧នាក់នោះ តាមព្រំដែន តាមមេខ្យល់បានកំណត់ ដោយគេយកតម្លៃតាមជិត តាមឆ្ងាយ មាន២៥០បាត ,៣០០បាត,៤០០បាត ។
លោកជា ស្លូញ បានបញ្ជាក់ទៀតថា អ្នកបើកបររថយន្តទាំង២នាក់ កម្លាំងនគរបាលជំនាញ អធិការដ្ឋាននគរបាលស្រុកស្វាយចេក កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ដោយឡែកពលករទាំង១៧នាក់ កុមារ២នាក់ បញ្ជូនទៅមណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យស្វាយចេក ៕
ដោយ៖ វណ្ណា