ភាគច្រើននៃបំណែកដែលនៅសេសសល់របស់កាំជ្រួចមីស៊ីល Long March 5B បានឆេះនៅលើអាកាសក្នុងស្រទាប់អូហ្សូន ហើយមិនធ្លាក់មកដល់ផែនដីបង្កគ្រោះថ្នាក់នោះឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា កាំជ្រួចមីស៊ីលដូចជាបានឆេះទាំងអស់ពេលចូលដល់ដែនអាកាសអូហ្សូន។
កាលពីថ្ងៃទី២៩ខែមេសា កាំជ្រួចមីស៊ីល Long March 5B បានបាញ់បង្ហោះដោយជោគជ័យ ដើម្បីបញ្ជូន Module នៃស្ថានីយអវកាសរបស់ចិន។ ក្រុមជំនាញបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់ការប្រែប្រួល ពេលមីស៊ីលចូលដល់ដែនអាកាសអូហ្សូន ។តាមប្រភពព័ត៌មាន កាំជ្រួចមីស៊ីលបានផលិតចេញពីវត្ថុពិសេស អាចនឹងត្រូវឆេះខ្ទេចពេលដល់ដែនអាកាសអូហ្សូន។ ការដែលបំណែកមីស៊ីលធ្លាក់មកលើដីបង្កហានិភ័យពីគ្រោះថ្នាក់ដល់អាកាសចរណ៍ និងមនុស្សនៅលើផែនដី គឺមិនមានឡើយ។
ព័ត៌មាន CNA នាល្ងាចថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១ បានផ្សាយថា នៅមុននេះអ្នកជំនាញយោធាអាមេរិកបានរំពឹងទុកថា កំណាត់គ្រាប់មីស៊ីល Long March 5B របស់ចិននឹងធ្លាក់មកលើផ្ទៃផែនដីវិញ នៅចន្លោះថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ដោយថែមទាំងបានព្រមានទៀតថា គេមិនទាន់អាចកំណត់ពីទីតាំងដែលកំណាត់រ៉ុក្កែតនោះនឹងត្រូវធ្លាក់ ឲ្យបានច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែទីក្រុងប៉េកាំងបានចេញមុខ បន្សាបនូវការព្រួយបារម្ភទាំងឡាយ នៅថ្ងៃសុក្រនេះ។
គួរបញ្ជាក់ថា កំណាត់ស្នូលធំមួយនៃគ្រាប់រ៉ុក្កែតរបស់ប្រទេសចិន កំពុងតែធ្លាក់សំដៅចុះមកកាន់ផ្ទៃផែនដីវិញ បន្ទាប់ពីវាត្រូវបានប្រើប្រាស់ក្នុងការដឹកជញ្ជូនបន្ទប់សម្រាប់សាងសង់ស្ថានីយអវកាសចិន (Tianhe) ឡើងទៅកាន់ទីអវកាស។ បន្ទប់ស្ថានីយអវកាសទី ១ Tianhe ត្រូវបានរុញច្រានដល់គន្លងគោចរត្រឹមត្រូវ និងសុវត្ថិភាព ប៉ុន្តែកំណាត់រ៉ុក្កែតដែលរុញច្រានវា បានធ្លាក់ខុសគន្លងដែលត្រូវបានកំណត់៕ ដោយ៖ ធីរីណា
រូបភាព៖ THX/TTXVN