ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិឥណ្ឌូនេស៊ីម្នាក់យកកាំបិតចុងស្រួចចាក់ជនជាតិគ្នាឯង៤នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនជាតិឥណ្ឌូនេស៊ីចំនួន៤នាក់ ត្រូវបានជនជាតិឥណ្ឌូនេស៊ីដូចគ្នាម្នាក់យកកាំបិតចុងស្រួចចាក់ បណ្ដាលឲ្យរងរបួសជាទម្ងន់ បង្កការផ្អើលឆោឡោនៅថ្ងៃទី​០៦​ ខែឧសភា​ ឆ្នាំ​២០២១​ វេលាម៉ោង​៩​និង៣០នាទី​ នៅចំណុច​ក្នុង​ផ្ទះ​ឈ្មោះ​ ខ្លូត​ ណារ៉ា​​ ភូមិជ្រៃធំ​ ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្ដាល​។ 

    មន្ត្រីនគរបាលស្រុកកោះធំបានឱ្យដឹងថា ជនរងគ្រោះ៤នាក់ ទី១-ឈ្មោះ ឆាលី (CHALIE) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិឥណ្ឌនេសុី, ទី២-ឈ្មោះ សេឡាម៉ាត់(SELAMAT) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិឥណ្ឌូនេសុី មុខរបរបុគ្គលិកកាសុីណូក្រោន , ទី៣-ឈ្មោះ មីស្កូ (MISKO) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិឥណ្ឌូនេសុី មុខរបរបុគ្គលិកកាសុីណូក្រោន និងទី៤-ឈ្មោះ ហិនឌ្រី (HENDRI) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឥណ្ឌូនេសុី មុខរបរបុគ្គលិកកាសុីណូក្រោន។ ជនរងគ្រោះទាំង៤នាក់ បច្ចុប្បន្នស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

   ចំណែកជនសង្ស័យ១ដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ គី យ៉ុង (KUI YONG) ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិឥណ្ឌូនេសុី មុខរបរបុគ្គលិកកាសុីណូ ហ្គ្រេនដ្រាហ្គន​ ស្នាក់នៅ​ភូមិជ្រៃធំ​ ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្ដាល​។ ដោយឡែកវត្ថុ​តាងចាប់យក៖ ១-កាំបិត​ចុងស្រួច​២ដេីម, ២-ម៉ូតូម៉ាក​Honda​ wave អាល់ហ្វា​ ពណ៌ទឹកប៊ិក គ្មានស្លាកលេខ​ ចំនួន​០១គ្រឿង​។ 

     ប្រភពដដែលបន្តថា ជនរងគ្រោះ​ទាំង៤នាក់ខាងលេី​ ស្នាក់នៅផ្ទះជួលរបស់ឈ្មោះ​ ខ្លូត​ ណារ៉ា​ ស្ថិត​នៅ​ក្នុង​ភូមិ​ជ្រៃធំ​ ឃុំសំពៅពូន​ ស្រុកកោះធំ​ ជាមួយគ្នា​។ ចំណែកជនសង្ស័យ​ KUI YONG ស្នាក់នៅ​ផ្ទះជួល១ផ្សេងទៀត​ ស្ថិត​នៅ​ក្នុង​ភូមិ​ជ្រៃធំ​ ឃុំសំពៅពូន​ ដូចគ្នា។ កន្លងមកជនរងគ្រោះ​ SELAMAT និងជនសង្ស័យ​ឈ្មោះ​ KUI YONG ធ្លាប់​ជាមិត្ត​ភក្តិរកស៊ីចូលហ៊ុនគ្នា ផ្នែកអនឡាញ។ ក្រោយមកប្រមាណជា៣​ទៅ៤ខែមុ​ន​ ជនរងគ្រោះ​ និងជនសង្ស័យ​ក៏មានទំនាស់ក្នុងការរកស៊ី​ជាមួយគ្នា​ ហេីយក៏លែងនិយាយរាប់រកគ្នាតាំងពីពេលនោះមក។ ​លុះនៅថ្ងៃទី០៦​ ខែឧសភា​ ឆ្នាំ​២០២១​ វេលាម៉ោង​០៩​​និង៣០នាទី​ ជនរងគ្រោះ​ SELAMAT បានទទួលសារពីជនសង្ស័យហៅឲ្យចេញក្រៅដេីម្បីវាយគ្នា​។  ដោយពេលនោះដែរជនរងគ្រោះទាំង០៣នាក់ទៀត​ ដែលទេីបចេញពីធ្វេីការមកដល់ខាងមុខផ្ទះជួល​ ក៏បានជួបនឹងជនសង្ស័យ​ KUI YONG នៅលេីម៉ូតូខាងមុខផ្ទះជួលនោះ​ ដោយក្នុងដៃមានកាន់កាំបិតចុងស្រួច០២ដេីម​ ពេលនោះជនសង្ស័យបានសួរទៅជនរងគ្រោះទាំង០៣នាក់ថា​ មានឃេីញឈ្មោះ SELAMAT ឬអត់? ពួកគេឆ្លេីយថា​ SELAMAT នៅដេកក្នុងបន្ទប់​ ស្របពេលនោះដែរ​ ជនរងគ្រោះ​ SELAMAT  បានដេីរមកដល់ឃេីញឈ្មោះ​ KUI YONG  កាន់កាំបិតក្នុងដៃ​ ខ្លួនក៏ទាញយកកៅអីដែក០១កាន់ដែរ​ ភ្លាម​នោះ​ស្រាប់​តែជនសង្ស័យ​ KUI YONG បានបោះ​កាំបិត០១ដេីមទៅឲ្យ SELAMAT  តែឈ្មោះ​ SELAMAT ពុំបានរេីសយកកាំបិតទេ​ ក៏ត្រូវ​បាន​ជនសង្ស័យ​ដេញចាក់ចូលដល់ក្នុងផ្ទះតែម្ដង​។

ឃេីញដូចនោះ​ ជនរងគ្រោះ​ទាំង០៣នាក់​ផ្សេងទៀត​ ក៏ចូលទៅប្រតាយចាប់ឃាត់ពួកគេ​ ក៏ត្រូវ​បាន​ជនសង្ស័យ​ចាក់ពួកគេទាំង០៣នាក់​ បណ្ដាលឲ្យ​រងរបួស​មុតនឹងកាំបិតចេញឈាមជោកខ្លួនគ្រប់ៗគ្នាតែម្ដង​ ពេលនោះជនរងគ្រោះទាំង០៤នាក់ខាងលេី​ បានរត់គេចចេញពីកន្លែងកេីតហេតុតែម្ដង​ ។ ខណៈនោះដែរ កម្លាំងនគរបាល​ក៏បានចុះទៅដល់កន្លែងកើតហេតុធ្វើ អន្តរាគមន៍ឃាត់ខ្លួន​បានជនសង្ស័យភ្លាមៗ​រួមជាមួយវត្ថុតាងកាំបិត​ និងម៉ូតូ​ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ​ ដេីម្បីកសាងសំណុំរឿងបន្តចាត់ការ តាមនីតិវិធី ៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖