ភ្នំពេញ ៖ លោក ជា ខេមា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ និងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋចាស់ជរាចំនួន២០គ្រួសារ ដែលកំពុងជួបប្រទះជីវភាពខ្វះខាត កាលពីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នៅក្នុងភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក ជា ខេមា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលទោះបីជាប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដក្តី ក៏ជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោកបញ្ជាក់ថា ខណ្ឌព្រែកព្នៅក៏ដូចជាខណ្ឌផ្សេងៗទៀតដែរនៅក្នុងរាជធានីភ្នំពេញ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ហើយក៏មានអ្នកជាពីជំងឺនេះ និងមានអ្នកដែលកំពុងតែធ្វើចត្តាឡីស័កផងដែរ ដូចនេះប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ដូចខាងក្រោមគឺ ៣ការពារ ( ១.ពាក់ម៉ាស់ ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២.ស្គេនឃ្យូអ័រកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩ ។ជាងនេះទៅទៀតបើមិនចាំបាច់គឺកុំចេញក្រៅផ្ទះ នោះយើងនឹងឈ្នះកូវីដ-១៩មិនខាន។
សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋចាស់ជរាទាំង២០គ្រួសារនាពេលនេះគឺក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ និងថវិកាចំនួន២០.០០០រៀលផងដែរ៕
ដោយ ៖ ព្រែកសំរោង