ខេត្តស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការបម្រែបម្រួលអាកាសធាតុ និងគ្រោះធម្មជាតិជាដើម និងជាពិសេស ត្រូវគោរពតាមវិធានការរបស់រាជរដ្ឋាភិបាល គឺ ៣ការពារ ៣កុំ ឲ្យបានជាប់ជាប្រចាំ ។
ការអំពាវនាវបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៨ខែឧសភាឆ្នាំ២០២១ក្នុងពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ៥៨០គ្រួសារ មកពី៣ឃុំមាន៖ ឃុំអណ្តូងត្របែក ឃុំក្រសាំង និង ឃុំជ្រៃធំ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ និងអ្នកដែលរងរបួសដោយគ្រោះធម្មជាតិ នាព្រឹកថ្ងៃទី៨ខែឧសភាឆ្នាំ២០២១។
ក្នុងឱកាសនោះលោកស្រីកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ក៏បានការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចបានខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំម្ងឺកូវីដ-១៩ ក៏ដូចជាការជម្រុញឲ្យប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា ព្រមទាំងការគិតគូរអំពីការផ្តល់ស្បៀង និងជំនួយសង្គ្រោះបឋមនៅតំបន់បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។
សូមបញ្ជាក់ថា អំណោយត្រូវចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ៥៨០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុករមាសហែក ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី ១កេស និងថវិកាមួយចំនួនផងដែរ ៕
ដោយ៖យឹម សុថាន