ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តព្រះសីហនុ ! បានគ្រប់គ្រងសភាពការណ៍ កាត់ផ្តាច់ការចម្លងមេរោគកូវីដ-១៩ បានជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ លទ្ធផលនៃការបិទខ្ទប់ក្រុងព្រះសីហនុគិតមកត្រឹមថ្ងៃសៅរ៍ទី៨ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរបានគ្រប់គ្រងសភាពការណ៍ កាត់ផ្តាច់ការចម្លងមេរោគកូវីដ១៩ បានជាបន្តបន្ទាប់ ក្នុងនោះបើតាមក្រុមគ្រូពេទ្យខេត្តឲ្យដឹងយោងតាមលទ្ធផលតេស្តសំណាកមួយសប្តាហ៍ចុងក្រោយនេះបង្ហាញថា ចំនួនអ្នកវិជ្ជមានកូវីដ១៩ក្នុងក្រុងព្រះសីហនុបានថយចុះ មិនកើនច្រើនលើសពី១០០នាក់ ដូចកាលពីមិនទាន់បិទខ្ទប់ក្រុងឡើយ ហើយចំនួនអ្នកជាសះស្បើយក៏មានជាបន្តបន្ទាប់ដែរ។ ជាមួយគ្នានេះមន្ត្រីផ្លូវការរដ្ឋបាលខេត្តព្រះសីហនុឲ្យដឹងថា ការបែងចែកតំបន់បិទខ្ទប់ជា៣ពណ៍រួមមាន ក្រហម, លឿងទុំនិងពណ៍លឿងនេះ ប្រយោជន៍ដើម្បីកាត់ផ្តាច់ការចម្លងមេរោគកូវីដ១៩ ចេញពីតំបន់ក្រហមចូលមកតំបន់លឿងទុំនិងតំបន់លឿង បើមិនដូច្នោះទេ តំបន់លឿងទុំនិងតំបន់លឿងក៍អាចក្លាយជាតំបន់ក្រហមដូចគ្នាដែរ ក្នុងករណីមិនប្រើវិធានការបិទខ្ទប់នេះ។ មន្ត្រីដដែលបញ្ជាក់ថា បច្ចុប្បន្នការយកតេស្តសំណាកក្នុងតំបន់ក្រហមជិតរួចរាល់ហើយ ដែលអាចកំណត់បានអំពីចំនួនអ្នកវិជ្ជមានឬអវិជ្ជមាន និងឈានទៅបើកដំណើរការក្រុងវិញ ក្រោយអាជ្ញាធរគ្រប់គ្រងកាត់ផ្តាច់ការចម្លងថ្មីបាន ។

បច្ចុប្បន្នសមត្ថកិច្ចចម្រុះកំពុងដាក់កម្លាំងបន្តតាមគោលដៅបិទខ្ទប់ក្រុងព្រះសីហនុ មួយរយៈទៀតរហូតដល់មានសេចក្តីសម្រេចថ្មីរបស់រដ្ឋបាលខេត្តឬអាចនិយាយបានថា រហូតដល់ស្ថានភាពកូវីដ១៩នៅក្រុងព្រះសីហនុត្រូវគ្រប់គ្រងបានទាំងស្រុងពីអាជ្ញាធរ ក្នុងនោះការរារាំងចរាចរណ៍ចេញចូលរបស់ពលរដ្ឋឬជនបរទេសដែលគ្មានភារកិច្ចចាំបាច់ ពីតំបន់មួយទៅតំបន់មួយក្នុងក្រុងព្រះសីហនុត្រូវបានរឹតបន្តឹង ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តសម្រេចរៀបចំបែងចែកជាតំបន់ក្នុងខេត្តព្រះសីហនុដូចខាងក្រោម៖
១-ភូមិ១ ភូមិ២ ភូម៣ ភូមិ៤ ភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាតំបន់ក្រហម !
២-សង្កាត់លេខ១ សង្កាត់លេខ២និងសង្កាត់លេខ៣ និងភូមិ៦ នៃសង្កាត់លេខ៤ ជាតំបន់លឿងទុំ !
៣-ឃុំបិតត្រាំង ស្រុកព្រៃនប់ ជាតំបន់លឿង! ៕

ដោយ ៖ សិលា


ចែករំលែក៖