ដើម្បីកាត់បន្ថយការឆ្លងរាលដាល កូវីដ-១៩ នៅទីក្រុងបាងកក មន្ត្រីសុខាភិបាលថៃបានសម្រេចបង្កើនការធ្វើតេស្តរកកូវីដ-១៩ ជាទ្រង់ទ្រាយធំ ក្នុងទីក្រុងបាងកក។ គោលដៅធ្វើតេស្តឲ្យបានយ៉ាងតិច ៣ពាន់នាក់ក្នុងរយៈពេល១ថ្ងៃ ទៅលើតំបន់ងាយឆ្លងបំផុត។
លោកស្រី Silapasuai Raweesangsoon មន្ត្រីទីក្រុងបាងកក បានលើកឡើងថា ទីក្រុងបាងកកត្រូវបានចែកចេញជា ៦ តំបន់ ដើម្បីធ្វើតេស្តរកកូវីដ-១៩ថ្មី។ នៅតំបន់ទាំងនោះក្រុមគ្រូពេទ្យនឹងធ្វើតេស្តទៅលើក្រុមងាយឆ្លងកូវីដ-១៩ ។ ទីតាំងធ្វើតេស្តត្រូវបានរៀបចំធ្វើឡើងនៅអគាររដ្ឋាភិបាល ពហុកីឡដ្ឋាន ទីតាំងរមណីយដ្ឋាន នៅក្នុងខណ្ឌ Laksi, Min Buri, Huai Khwang, Yannawa, Bang Phlat និង Bang Khae។
តាមតួលេខរបស់ក្រសួងសុខាភិបាលថៃ បានប្រកាសឱ្យដឹងនៅថ្ងៃទី ៨ខែឧសភាថា មានករណីឆ្លងកូវីដ-១៩ ចំនួន២២៤៧នាក់ថ្មី ក្នុងនោះ នៅទីក្រុងបាងកកមានដល់ទៅ១១១២នាក់ ស្មើ៤៦ភាគរយនៃអ្នកឆ្លងទាំងអស់។
នៅពេលនេះដែរ ថៃកំពុងជំរុញល្បឿនចាក់វ៉ាក់សាំងនៅចំពោះមុខការរិះគន់អំពីភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំង ។ បើតាមភាពជាក់ស្តែងនៅក្នុងប្រទេសថៃ ការចាក់វ៉ាក់សាំងនៅតែបន្តមានភាពយឺតយ៉ាវ បើទោះបីជាប្រទេសអាស៊ាន ដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍មួយនេះ កំពុងរងការវាយលុកដោយរលកទី ៣ នៃ COVID-19 ដែលកំពុងបង្អាក់ដំណើរការស្តារវិស័យទេសចរណ៍ឡើងវិញយ៉ាងណាក៏ដោយ។
កន្លងមកនេះប្រទេសថៃបានអនុម័តឲ្យប្រើវ៉ាក់សាំង Sinovac, AstraZeneca និង Johnson & Johnson។ បើតាមមន្ត្រីរដ្ឋាភិបាលថៃ ក្រុមហ៊ុន Bharat Biotech របស់ឥណ្ឌា និង Sinopharm របស់ចិន (ដែលទើបត្រូវបានទទួលស្គាល់ដោយ WHO) ក៏កំពុងដាក់ពាក្យស្នើសុំការអនុម័ត ឲ្យវ៉ាក់សាំងពួកគេអាចប្រើប្រាស់ ក្នុងករណីបន្ទាន់នៅប្រទេសថៃផងដែរ៕
រូបភាព៖ TTXVN