ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរនិងស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខណៈកំពុងជិះម៉ូតូត្រូវរថយន្តបុកពីក្រោយរួចកិន កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុចស្តុបទំនប់កប់ស្រូវ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ គឹម សែ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអ្នករាំ ស្នាក់នៅខណ្ឌកំបូល ។ មានស្រុកកំណេីតនៅភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកZoomer-X ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញGS -7122 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តធុនធំដឹកថ្មគ្រួស ពាក់ស្លាកលេខកណ្តាល3A -2932 មកពីក្រោយបណ្តាលឲ្យជនរងគ្រោះដួលធ្លាក់ពីលេីម៉ូតូចូលក្រោមកង់រថយន្តកិនដាច់ត្រឹមចង្កេះមកក្រោមរងរបួសធ្ងន់ធ្ងរ។
ប្រភពដដែលបានបន្តថា បន្ទាប់មកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមកទទួលយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែដោយអកុសលក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ចំណែកសពជនរងគ្រោះត្រូវបានទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖ សុខាសែនជ័យ