ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃឹម ហ្វីណង់ ៖ ដូចការរពឹងទុក បុគ្គលសង្ស័យម្នាក់ទៀតមកពីទីក្រុងភ្នំពេញឈ្មោះ ទិត្យ ឡូ ដែលជាមិត្តភក្តិរបស់ឈ្មោះ រ៉ូន រាន់ ត្រូវបានរកឃើញថាវិជ្ជមានមេរោគកូវីដ-១៩ដូចគ្នាដែរ

ចែករំលែក៖

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបន្ទាយស្រីខេត្តសៀមរាប បានថ្លែងនៅយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នេះថា, ដូចការរពឹងទុក បុគ្គលសង្ស័យម្នាក់ទៀតមកពីទីក្រុងភ្នំពេញឈ្មោះ ទិត្យ ឡូ ដែលជាមិត្តភក្តិរបស់ឈ្មោះ រ៉ូន រាន់ ត្រូវបានរកឃើញវិជ្ជមានមេរោគកូវីដ-១៩ដូចគ្នាដែរ។

លោកបានលើកឡើងថា, សូមរំលឹកឡើងវិញថា លោក ទិត្យ ឡូ និង លោក រ៉ូន រាន់ បានធ្វើដំណើររួមគ្នាពីភ្នំពេញមកកាន់ស្រុកបន្ទាយស្រី ដោយបានឆ្លងកាត់ការត្រួតពិនិត្យសុខភាពនៅក្នុងមណ្ឌលចត្តាឡីស័កឃុំព្រះដាក់។ ឈ្មោះ រ៉ូន រាន់ត្រូវបានរកឃើញវិជ្ជមានមុនក្រោយពីមានរោគសញ្ញាសង្ស័យ ដែលជាហេតុធ្វើឱ្យក្រុមការងារបន្តបញ្ជូនឈ្មោះ ទិត្យ ឡូ ពីមណ្ឌលចត្តាឡីស័កទៅយកសំណាកបន្ថែមទៀត និងទទួលបានលទ្ធផលវិជ្ជមានដូចនៅពេលនេះ។ ករណីទាំងពីរនេះ មិនមានពាក់ព័ន្ធនឹងបងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងស្រុកបន្ទាយស្រីនោះទេ និងមិនមានអ្វីគួរឱ្យព្រួយបារម្ភពីការរាលដាលឆ្លងបន្តនៅក្នុងសហគមន៍ឡើយ លើកលែងតែចំពោះអ្នកដែលបានកំពុងធ្វើចត្តាឡីស័កទាំង១២នាក់នៅក្នុងមណ្ឌលជាមួយគ្នានឹងពួកគាត់ទាំងពីរនាក់ ដែលរដ្ឋបាលស្រុកបានសម្រេចបន្តចត្តាឡីស័កពួកគាត់ចំនួន១៤ថ្ងៃបន្តទៀត និងត្រូវបានយកសំណាកលើកទីមួយរួចរាល់ហើយដែរ។

ក្នុងនាមថ្នាក់ដឹកនាំមូលដ្ឋានស្រុកបន្ទាយស្រី លោកបានបន្តទៀតថា, សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលវិលត្រឡប់ចូលមកក្នុងមូលដ្ឋានវិញនឹងស្ម័គ្រចិត្តដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកពីអ្នកដទៃនិងក្រុមគ្រួសារ ហើយនិងមិនធ្វើដំណើរចេញពីផ្ទះរបស់ខ្លួនក្នុងរយៈពេលនេះប្រសិនបើមិនមានការចាំបាច់ ដើម្បីជួយបញ្ចៀសការរីករាលដាលឆ្លងនៃមេរោគកូវីដ-១៩នៅក្នុងសហគមន៍របស់យើងដោយប្រការណាមួយដែលយើងមិនអាចមើលឃើញដឹងមុនបាន។ រដ្ឋបាលស្រុកនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការគាំទ្រ ប្រឹក្សាយោបល់ តាមដានត្រួតពិនិត្យសុខភាព និងធ្វើការបញ្ជូនទៅធ្វើតេស្តយកសំណាកក្នុងករណីចាំបាច់៕

ដោយ ៖ សិលា


ចែករំលែក៖