ក្រុមតោខៀវ Chelsea បានបន្តឈ្នះនៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី៣៥របស់ខ្លួន និងបានឡើងមកឈរចំណាត់ថ្នាក់លេខ៣នៅលីគកំពូលអង់គ្លេសនេះបណ្តោះអាសន្នក្រោយឈ្នះ ក្រុមម្ចាស់ផ្ទះមេឃខៀវ Man City ក្នុងលទ្ធផល២ទល់១។ ជ័យជម្នះនេះបានបង្អាក់ក្រុម Man City មិនឲ្យលើកពានឆាប់ៗ ក្រោយពីដាច់ពិន្ទក្រុមលេខ២ Man United។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។
កីឡាករ Sergio Aguero បានធ្វើឱ្យខកខានដោយការស៊ុតបាល់ពិន័យប៉េណាល់ទីមិនចូល ខណៈដែលក្រុមតោខៀវ Chelsea បានបង្អាក់ក្រុម Manchester City ត្រូវរង់ចាំបន្តិចទៀតដើម្បីដណ្តើមជើងឯកក្របខ័ណ្ឌ Premier League ។
ក្រុម Man City ដែលត្រូវការ៣ពិន្ទុទៀតប៉ុណ្ណោះដើម្បីក្លាយជាម្ចាស់ជើងឯកអង់គ្លេសជាលើកទី៧ ហើយការប្រកួតនេះបានរកគ្រាប់បាល់នាំមុខមុនតង់ទី១ តាមរយៈការស៊ុតរបស់ Raheem Sterling នៅនាទីទី៤៤។ ចូលដល់ការប្រកួតតង់ទី២ កីឡាករ Hakim Ziyech របស់ក្រុមតោខៀវរកបាន១គ្រាប់សងវិញនៅនាទីទី៦៣ ហើយអ្វីដែលរំភើបនោះគឺជិតចប់ការប្រកួតទៅហើយ កីឡាករ Marcus Alonso រកបាន១គ្រាប់ទៀតនៅនាទីទី៩០+២ ធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវ Chelsea ឈ្នះ Man City ២ទល់១។
នេះជាជ័យជម្នះលើកទី២របស់ Chelsea លើ Man City ក្នុងរយៈពេល៣សប្តាហ៍បន្ទាប់ពីជ័យជម្នះរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup នៅឯ Wembley កាលពីខែមេសា។ ក្រុមទាំងពីរនឹងជួបគ្នាម្តងទៀតនៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅទីក្រុងអ៊ីស្តង់ប៊ុលនៅចុងខែនេះ។
លទ្ធផលនេះអាចផ្តល់ឱ្យក្រុមតោខៀវ Chelsea នូវទំនុកចិត្តបន្ថែមសម្រាប់ការប្រកួតនេះក៏ដូចជាការផ្តល់នូវការលើកទឹកចិត្តយ៉ាងខ្លាំងដល់ក្តីសង្ឃឹមរបស់ពួកគេក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤។
គ្រូបង្វឹកទាំងពីរបានធ្វើការផ្លាស់ប្តូរជាច្រើនទៅលើក្រុមដែលពួកគេបានដាក់សម្រាប់ការប្រកួតជើងទី២វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League រៀងៗខ្លួននៅពាក់កណ្តាលសប្តាហ៍នេះ។ ក្រុមរបស់លោក Tuchel រកបាន៥គ្រាប់ដែលបានយកឈ្នះក្រុម Real Madrid កាលពីថ្ងៃពុធហើយលទ្ធផលនេះគឺជាការបង្ហាញទម្រង់លេងរបស់ក្រុមទាំងសងខាង ៕ដោយ ៖ ភារៈ