ភ្នំពេញ៖ ថ្ងៃបុណ្យទិវាអ្នកម្ដាយ ឬហៅជាភាសាបរទេសថា( Mother’s Day ) គឺជាថ្ងៃដែលគេប្រារព្ធឡើងដើម្បីរំលឹកពីគុណរបស់អ្នកម្ដាយ, ម៉ែ, និងដើម្បីនិយាយពីកិត្ដិយសព្រមទាំងបង្ហាញសេចក្ដីស្រលាញ់ចំពោះអ្នកម្ដាយគ្រប់រូប ដែលផ្តល់កំណើតអោយកូន ជាមួយនឹងការហែលឆ្លង ពាក្យល្អ អាក្រក់ ស្តីបន្ទោស ស្រឡាញ់ ថ្នមថ្នាក់ ប្រៀនប្រដៅ គិតបំផុតដល់កូន បានស្អាត មានអនាគត ។
ទិវានេះ ប្រារព្ធឡើងមុនគេ នៅសហរដ្ឋអាមេរិក ។ បើនៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋមួយចំនួន ក៏ដូចយុវជន និស្សិត កម្មករ កម្មការិនី នៅថ្ងៃនេះ បានបង្ហាញក្តីស្រឡាញ់របស់ខ្លួន និងជូនពរចំពោះអ្នកម្តាយរបស់ពួកគេ ។ កូនៗដែលនៅឆ្ងាយពីអ្នកម៉ែរបស់ពួកគេ អ្នកខ្លះបានទូរស័ព្ទទៅជូនពរអ្នកម្តាយខ្លួនពីចម្ងាយ ។ អ្នកខ្លះទៀត បង្ហាញអារម្មណ៍ស្រឡាញ់និងជូនពរអ្នកម្តាយរបស់ពួកគេ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ព្រោងព្រាតទាំងព្រឹកព្រលឹមអុរ។
សូមជម្រាបជូនបន្តិចផងដែរថា, ទិវាមាតាត្រូវបានផ្តួចផ្តើមរៀបចំលើកដំបូងនៅក្នុងឆ្នាំ១៩០៨ នៅសហរដ្ឋអាមេរិក ដោយលោកស្រី Anna Jarvis ដើម្បីឧទ្ទិសដល់ពលិកម្មគ្រប់បែបយ៉ាងរបស់ស្ត្រីដែលជាម្តាយគ្រប់រូប ដោយទិវានេះ វិវត្តន៍មកពីទិវា Mothering Sunday របស់អង់គ្លេសនាសតវត្សរ៍ទី១៥ ។
យោងតាមគេហទំព័រខ្លះបានលើកមកសំណេរថា, នៅឆ្នាំ១៩១៤ ចក្រភពអង់គ្លេសបានធ្វើឲ្យទិវានេះមានលក្ខណៈផុសផុល រីឯអាល្លឺម៉ង់ចាប់ផ្តើមប្រារព្ធជាផ្លូវការក្នុងឆ្នាំ១៩២៣ ហើយប្រទេសបែលហ្ស៊ិក ដាណឺម៉ាក ហ្វាំងឡង់ អ៊ីតាលី តួកគី និងអូស្ត្រាលី បាននាំគ្នាប្រារព្ធជាបន្តបន្ទាប់។
ពុំមានការកំណត់ថ្ងៃជាក់លាក់ឡើយក្នុងការប្រារព្ធទិវានេះ ដោយប្រទេសខ្លះយកចំថ្ងៃនៃទិវាសិទ្ធិនារីអន្តរជាតិ ប្រទេសខ្លះមានពេលវេលា និងឈ្មោះហៅទិវានេះ ប្លែកៗពីគ្នា រីឯប្រទេសកម្ពុជាបាននិយមតាមប្រទេសមួយចំនួនដែលប្រារព្ធទិវានេះ នៅចំថ្ងៃអាទិត្យ សប្តាហ៍ទី២នៃខែឧសភា។
មិនមានការរិៈគន់បើកចំហរណាមួយឡើយចំពោះចលនានៃការប្រារព្ធទិវា បែបនេះ ពីព្រោះទាំងអស់គ្នាសុទ្ធតែយល់ថា វាមិនមានការខាតបង់ប្រយោជន៍អ្វីឡើយ ផ្ទុយទៅវិញ វាជាពេលវេលាដ៏ពិសេសសម្រាប់បុត្រធីតា ក្នុងការបង្ហាញសេចក្តីស្រឡាញ់ និងគោរពដ៏ជ្រាលជ្រៅរបស់ខ្លួនចំពោះអ្នកម្តាយ។ ពិសេសបង្ហាញអំពីទឹកចិត្តរបស់កូន មកលើអ្នកមានគុណ នៃមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត ។ បើនៅកម្ពុជាវិញ យើងគ្រប់គ្នាពិតជាដឹងហើយថា ពាក្យថា(ម្ដាយ) គឺមានន័យធំធេងណាស់ ដែលកូនមិនអាចបំភ្លេចបាន ក្នុងរយៈពេលប្រាំបួនខែដប់ថ្ងៃ ដែលកូននៅក្នុងផ្ទៃម្ដាយមិនទាន់ឃើញ ពន្លឺព្រះអាទិត្យ គឺ(ម្ដាយ) បានបំពេញកាតព្វកិច្ចថែរក្សាសុខភាពកូនក្នុងផ្ទៃ រហូតដល់កូនឃើញពន្លឺ នាថ្ងៃដំបូងឮសូរសម្លេងស្រែកយំ ម្ដាយអរណាស់ អររហូត ដល់ភ្លេចថាខ្លួន កំពុងឈឺចុកចាប់ថ្ងៃដែលកូនឃើញពន្លឺព្រះអាទិត្យនេះ។ ដូច្នេះហើយ មានតែស្ត្រីទេដឹងថា ពាក្យថា(ម្ដាយ) មានទំហំធំធេងប៉ុណ្ណាសម្រាប់កូនៗ ទាំងនៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅលើពិភពលោក៕
ដោយ ៖ សិលា