ខេត្តពោធិ៍សាត់ ៖ លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានឲ្យដឹងនៅវេលាម៉ោង៩ និង៤៥នាទី យប់ថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នេះថា បុរសដែលរងរបួសធ្ងន់ដោយសារផ្ទុះគ្រាប់នៅគ្រាយកគ្រាប់ទៅដំនោះ បានស្លាប់បាត់បង់ជីវិតហើយគ្រាដែលព្យាយាមបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ។
លោក អធិការនគរបាលបន្តទៀតថា ហេតុការណ៍ដំគ្រាប់រំសេវបណ្ដាលឲ្យផ្ទុះខាងលើ បានកើតឡើងនៅវេលាម៉ោង៧ និង៣៥នាទីយប់ មុនជនរងគ្រោះស្លាប់ជាង២ម៉ោង នៅចំណុចអូរតាឡុះ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក បញ្ជាក់បន្ថែមទៀតថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ អ៊ុត ប៉េងសេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុច.ស្ថិតនៅភូមិ.ឃុំកើតហេតុខាងលើ។
បើតាមសាក្សីបញ្ជាក់ថាជនរងគ្រោះ(អ៊ុត ប៉េងសេង)បានយកកាកសំណល់ពីសង្រ្គាម ប្រភេទគ្រាប់ឡង់ទៅដំកែច្នៃអ្វីម្យ៉ាង ចៃដន្យក៏ផ្ទុះត្រូវអំបែងរបួសធ្ងន់និងក្រោយមកស្លាប់បែបនេះតែម្ដង ៕
ដោយ៖ បុឹម ពិន