ខេត្តស្វាយរៀង៖ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងជិះម៉ូតូមិនប្រយ័ត្នបណ្ដាលឱ្យរេចង្កូតធ្លាក់រណ្តៅជីកដាក់លូ បាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងផ្អើលអ្នកភូមិទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៨ ខែឧសភាឆ្នាំ២០២១នៅលើផ្លូវខេត្តលេខ៣១៥ត្រង់ចំណុចភូមិព្រៃផ្តៅទី២ ឃុំមុខដា ស្រុករមាសហែក។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះសោម សាម៉ុនរ៉ា អាយុ៣៦ឆ្នាំ រស់នៅ ភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២BH-៩៥១៧ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងមិនពាក់មួកសុវត្ថិភាពហើយទំនងជាស្រវឹងស្រាខ្លាំងផងបើកបរមិនប្រយ័ត្នបណ្ដាលឱ្យរេចង្កូតធ្លាក់រណ្តៅជីកដាក់លូបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងផ្អើលអ្នកភូមិទាំងយប់។
សមត្ថកិច្ចនគរបាលស្រុកបញ្ជាក់ថាមូលហេតុដោយជនរងគ្រោះស្រវឹងស្រា ហើយជិះម៉ូតូធ្លាក់រណ្តៅជីកដាក់លូស្លាប់ដោយខ្លួនឯង។
សពត្រូវបានសមត្ថកិច្ចនគរបាលស្រុកប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖យឹម សុថាន