ខេត្តកំពង់ចាម ៖ ជាស្នាដៃដ៏គួរជាទីមោទកភាព កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ចាម បានឃាត់ខ្លួន ជនសង្ស័យ៥នាក់ ក្នុងនោះ៣នាក់ពាក់ព័ន្ធនឹងប្រេីអាវុធបាញ់គំរាមយកទ្រព្យសម្បត្តិជនរងគ្រោះ ដែលកន្លងមកក្រុមនេះធ្លាប់ធ្វើសកម្មភាពចំនួន១៥លើក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមហើយយកទៅលក់នៅរាជធានីភ្នំពេញ និង២នាក់ទៀតជាអ្នកចាំទទួលទិញផលចោរកម្ម នៅចំណុចតាមផ្លូវវិមានឈ្នះ=ឈ្នះ ស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដេីម្បីបញ្ជូនពួកគេទៅកាន់ សាលាដំបូងចាត់ការតាមច្បាប់ ។
កិច្ចសហការប្រតិបត្តិការនេះចូលរួមដោយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម/ក្រុងកំពង់ចាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ឋី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ដកំពង់ចាម បាន ប្រាប់អ្នកសារព័ត៌មានថា ការបង្ក្រាបធ្វេី ធ្វេីឡេីងច្រេីនដំណាក់កាលជាបន្តបន្ទាប់ លេីករណីលួចមានស្ថានទម្ងន់ទោស (បាញ់ដោយអាវុធខ្លី) កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ត្រូវបានបំបែកសំណុំរឿង ក្នុងរយៈពេល២៧ថ្ងៃ) ។
លោកបន្តថា ដំណាក់កាលដំបូងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២ និង៤៥នាទី ក្រោមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម និងរូបលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ដកំពង់ចាមបានចាត់តាំងបើកកិច្ចប្រតិបត្ដិការបង្រ្កាបក្រុមលួចមានស្ថានទម្ងន់ទោស (បាញ់ដោយអាវុធខ្លី) យ៉ាងសកម្ម នៅក្នុងភូមិសាស្ដ្រខេត្ដកំពង់ចាម ។
ជាលទ្ឋផលសមត្ថកិច្ចយើង បង្រ្កាបចាប់ខ្លួនជនសង្ស័យបានចំនួន០៣នាក់រួមមាន ៖ ១.ឈ្មោះ ឡាំ ឆុន ហៅ ឈុន វីរៈ ហៅ ឡុងសម្បត្តិ ហៅ ឡុង ធា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងដូង ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត ២.ឈ្មោះ ដេត សុផល ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអំពិលតាពក ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និង ៣.ឈ្មោះ ហោ ស្រីអូន ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្រៅពីការចាប់ឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន០៣គ្រឿង (ម៉ាកហុងដាឌ្រីម សេ១២៥ ចំនួន០២គ្រឿង និងម៉ូតូម៉ាក វីហ្សិន ចំនួន០១ គ្រឿង) , ស្លាកលេខម៉ូតូចំនួន១៤សន្លឹក , អាវុធខ្លីចំនួន០១ដើម (ម៉ាក k59 ) , គ្រាប់ចំនួន១០គ្រាប់ , សោកាច់ចំនួន២៣ដើម និងសម្ភារវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។
លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ដកំពង់ចាមបានឱ្យដឹងបន្តទៀតថា ដំណាក់កាលបន្ទាប់ ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលេីនេះបានឆ្លើយថា កន្លងមកពួកគេធ្លាប់ធ្វើសកម្មភាព ចំនួន១៥លើក (ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម) ហើយម៉ូតូដែលធ្វើសកម្មភាពយកបានពីអំពើលួច គឺបានយកទៅលក់ឲ្យមុខសញ្ញាទទួលផលចោរកម្មនៅរាជធានីភ្នំពេញ ។
លោកបញ្ជាក់ថា ទេីបនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានចម្លើយសារភាពពីឈ្មោះ ឡាំ ឆុន រូបលោក បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បន្តចុះស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាទទួលផលចោរកម្មបានចំនួន២នាក់ទៀត នៅចំណុចតាមផ្លូវវិមានឈ្នះ=ឈ្នះ ស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំងទាំង២មានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ សួន រស្មី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។
២-ឈ្មោះ អ៊ួង សុខគា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ដកហូតសម្ភារវត្ថុតាងរួមមាន ៖ ១-រថយន្តចំនួន០១គ្រឿង ម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខ ២AQ-៩០៦៨ (ប្រើប្រាស់ស្លាកលេខក្លែងក្លាយ) ២-ទូរស័ព្ទដៃចំនួន០២គ្រឿង អត្តសញ្ញាណប័ណ្ណនគរបាលជាតិ (ក្លែងក្លាយ) មានឈ្មោះ បូ សំបេត ឋានន្តរស័ក្កិ អនុសេនីយ៍ឯក ឋានៈ មន្ត្រី អត្ថលេខ ៥៧៤៤៧ ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានចងក្រងសំណុំរឿងតាមនីតិវិធី និងបានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាមចាត់ការតាមច្បាប់ ៕
ដោយ៖វណ្ណៈ